(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ បញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួន ១៣៧ ១៥៨នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ ដោយសារតែវិបត្តិការនៃជំងឺកូវីដ១៩។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងចំណោមអតិថិជនដែលបានស្នើសុំរៀបចំឥណទានឡើងវិញទាំងអស់ ក្នុងនោះមានអតិថិជនចំនួន ១១៨ ១៨២នាក់ ឬជិត៩០% បានទទួលការរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបជាង៤៨៨ លានដុល្លា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា គិតចាប់ពីខែមីនា ឆ្នាំ២០២០ សមាគមបានប្រមូលទិន្និន័យការរៀបចំឥណទានឡើងវិញជារៀងរាល់
សប្តាហ៍ពីសមាជិករបស់ខ្លួន រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ទិន្នន័យនេះត្រូវប្រមូលឡើង ក្នុងគោលបំណង តាមដានផលប៉ះពាល់ជាក់ស្តែងនៃជំងឺកូវីដ១៩ ទៅលើអតិថិជន ការគាំពារអតិថិជនរបស់គ្រឹះស្ថាន ដែលជាសមាជិក និងការវិវត្តទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដើម្បីធ្វើការវាយតម្លៃ និងផ្ញើរបាយការណ៍ជូនភាគីពាក់ព័ន្ធ។
បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចរៀបចំឥណទានឡើងវិញ ជូនអតិថិជនបាន លុះត្រាតែមានការស្នើសុំពីអតិថិជន ដោយយោងតាមកិច្ចសន្យា រវាងគ្រឹះស្ថាន និងអតិថិជន គោលការណ៍ការពារអតិថិជន ក៏ដូចជាលក្ខខណ្ឌផ្លូវច្បាប់មួយចំនួនទៀត។ ក្នុងកាលៈទេសៈដ៏លំបាក ដែលបណ្តាលមកពីជំងឺកូវីដ១៩ សមាគមបាន និងកំពុងធ្វើការយ៉ាងសកម្មជាមួយសមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេស ធនាគារជាតិនៃកម្ពុជា ក្នុងការជួយដល់អតិថិជន ដែលរងផលប៉ះពាល់នេះ។
ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានប្រកាសស្វាគមន៍នូវរាល់កិច្ចសហការនានា ជាមួយភាគីទាំងឡាយណា ដែលមានសុច្ឆន្ទៈពិតប្រាកដ ក្នុងការចូលរួមជួយដោះស្រាយបញ្ហារបស់ អតិថិជននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សមាគមមានជំនឿថា មានតែកិច្ចសហការប្រកបដោយសុច្ឆន្ទៈ និងដំណោះស្រាយប្រកបដោយវិជ្ជាជីវៈទេ ទើបអាចជួយដល់អតិថិជន ដែលរងផលប៉ះពាល់ពិតប្រាកដប្រកបដោយប្រសិទ្ធភាព និងរក្សាបាននូវសុខមាលភាព វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដែលបាននិងកំពុងដើរតួនាទីចាំបាច់ មិនអាចខ្វះបានក្នុងការរក្សាស្ថេរភាពសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែបន្តលើកទឹកចិត្ត និងស្វាគមន៍ចំពោះអតិថិជន ដែលរងផលប៉ះពាល់ពិតប្រាកដពីជំងឺកូវីដ១៩ សូមមេត្តាទំនាក់ទំនងទៅកាន់គ្រឹះស្ថានដែលខ្លួន បានទទួលប្រាក់កម្ចី ឬតាមរយៈមន្ត្រីឥណទានផ្ទាល់ ដើម្បីទទួលបាននូវដំណោះស្រាយសមស្រប។
ផ្អែកលើតថភាពបច្ចុប្បន្ន សមាគមមានសុទិដ្ឋិនិយមថា ស្ថានភាពទូទៅនៃជំងឺកូវីដ១៩ នឹងប្រសើរឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។ សមាគម រួមជាមួយសមាជិកបាននឹងកំពុងចាត់វិធានការទប់ស្កាត់រលកទីពីរនៃជំងឺកូវីដ១៩ ដែលអាចកើតឡើងជាយថាហេតុ ហើយយើងសង្ឃឹមថា សាធារណជនក៏នឹងចូលរួមទប់ស្កាត់ផលប៉ះពាល់នៃជំងឺនេះ ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ផងដែរ។
គិតត្រឹមដំណាច់ត្រីមាសទីមួយ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឲ្យប្រជាជនកម្ពុជា ជាង២.២លាននាក់ និងមានឥណទានសរុបជាង៣០ទ្រីលានរៀល (៧.៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានចំនួន ជាង២.៨លាននាក់ និងមានប្រាក់បញ្ញើសរុប ជាង១៤ទ្រីលានរៀល (៣.៦ប៊ីលានដុល្លា) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកប ដោយភាពសំបូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៕