(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់ក្រោយបង្ហោះរូបភាព និងវីដេអូអាក្រាតកាយមិត្តស្រីរបស់ខ្លួន តាមបណ្ដាញសង្គម Facebook ក្រោយខាងស្រីសុំបែកមានអ្នកថ្មី ខណៈស្នេហារបស់ពួកគេ តាមត្រឹមតាមអនឡាញប៉ុណ្ណោះ មិនដែលជួបមុខគ្នាផ្ទាល់នោះទេ។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ដែលជនសង្ស័យឈ្មោះ ឈុន កុយ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈន់ កុយ បានបញ្ជាក់ថា រូបគេ និងជនរងគ្រោះ បានទំនាក់ទំនងស្គាល់គ្នាតាម Facebook ហើយបានស្រឡាញ់គ្នាទៅវិញទៅមក តែពុំដែរបានជួបមុខគ្នាផ្ទាល់ទេ។ ក្រោយមកជនសង្ស័យបានលួងលោមជនរងគ្រោះឲ្យថតវីដេអូអាក្រាតកាយ ផ្ញើមកឲ្យខ្លួនមើល ដោយជឿតាមពាក្យលួងលោមជនរងគ្រោះ ក៏សុខចិត្តធ្វើតាម។
តមកទៀត ជនល្មើសក៏បានថតរូបទុក (Save) លុះអំឡុងខែមេសាមុនចូលឆ្នាំខ្មែរ ជនរងគ្រោះបានសុំបែកពីជនល្មើស ដោយប្រាប់ថា ខ្លួនមានសង្សារថ្មីហើយ ឈប់ Chat មកទាក់ទងទៀត ដែលធ្វើឲ្យជនសង្ស័យខឹង ក៏បង្ហោះវីដេអូរូបភាពអាក្រាតកាយរបស់ជនរងគ្រោះ លើបណ្តាញសង្គម Facebook តែម្តង។
រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការនាំខ្លួនជនសង្ស័យនៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពញ។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមផ្លូវច្បាប់៕