(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ របស់កាកបាទក្រហមកម្ពុជា ទៅចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រី ចាស់ជរា ស្ត្រីមេម៉ាយ និងកុមារកំព្រា គ្មានទីពឹងចំនួន ៣០០គ្រួសារ នៅស្រុកសៀមប៉ាង។
លោក ម៉ុម សារឿន បានថ្លែងថា លោកមានក្តីរីករាយណាស់ ដែលបានមកជួបជុំបងប្អូនប្រជាពលរដ្ឋនៅក្នុងថ្ងៃនេះ នៅដំណាក់កាល អាកាសធាតុក្តៅខ្លាំង បងប្អូនត្រូវប្រុងប្រយ័ត្នកុំដើរទៅណាឆ្ងាយ ពីប្រភពទឹករស់នៅ ត្រូវមានអនាម័យល្អ ជៀសឱ្យឆ្ងាយ ពីគ្រឿងញៀន ត្រូវឧស្សាព្យាយាមដាំបន្លែបង្ការដែលជាដំណាំរួមផ្សំជាពិសេសបងប្អូនដែលរស់នៅតាមដងទន្លេ ការអនាម័យគឺជាការងារចម្បង ដែលត្រូវអនុវត្តន៍ ចំពោះគ្រួសារនិងបុគ្គលនីមួយៗ ពិតមែនតែប្រទេសកម្ពុជា មានអត្រាកំណើនវិជ្ជមាននៃការរីរាលជំងឺ COVID-19 មិនមានក្តី ក៏ពិភពលោកកំពុងតែផ្ទុះ និងបានសម្លាប់មនុស្សជាង ៤ម៉ឺននាក់ អ្នកដូច្នេះយើងត្រូវតែការពារកុំភ្លេចខ្លួន។ នេះជាការទទួលខុសត្រូវខ្ពស់ អំពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក។
ក្នុងឱកាសនោះដែរអភិបាលខេត្ត ក៏បានពាំនាំការផ្ដាំផ្ញើក្តីនឹករលឹកអំពីប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋ ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេរ តែងតែមានការនឹករឭកបារម្ភអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
សូមបញ្ជាក់ដែរថា អំណោយដែលត្រូវបានចែកជូនគ្រួសារក្រីក្រនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១បេទម្ងន់ ២៥គីឡូក្រាម ធុងទឹកចម្រោះចំនួន១ ធុងទឹកជ័រចំនួន១ សាប៊ូ១ឈុត៕