(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញសំណេះសំណាល និងបន្ដចែកផ្លែល្មើ ជាង៧តោនបន្ថែមទៀត ជូនដល់តំណាងប្រជាពលរដ្ឋខ្មែរឥស្លាមទាំង៦ រាជធានី-ខេត្ត រួមមាន ភ្នំពេញ កណ្តាល កំពង់ធំ តាកែវ ព្រៃវែង និងខេត្តស្វាយរៀង។ ពិធីនេះ ត្រូវបានធ្វើឡើងនៅវិហារគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ជំនួយជាច្រើនត្រូវបានផ្តលជូនដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ពីម្ចាស់ជំនួយក្រៅប្រទេស តាមរយៈអង្គការសមាគមក្នុងស្រុករបស់យើង ជាមួយនឹងការបើកទូលាយរបស់រាជរដ្ឋាភិបាល ក្នុងការទទួលយកជំនួយមនុស្សធម៌គ្រប់រូបភាព។
ជាមួយគ្នានេះ លោក អូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Milipol international របស់ប្រទេសអារ៉ប់រួមអេមីរ៉ាត ដែលជាម្ចាស់ជំនួយ និងថ្លែងអំណរគុណ ចំពោះអង្គការសមាគមក្នុងប្រទេសជាច្រើន ដែលបានខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការស្វែងរកជំនួយជួយដល់ប្រជាពលរដ្ឋកម្ពុជា។
លោកក៏បានអំពាវនាវដល់បងប្អូនសាសនិកឥស្លាមទូទាំងប្រទេស សូមប្រកាន់នូវគោលគំនិតនិយមកណ្ដាលក្នុងការប្រតិបត្តិសាសនា។ ក្នុងន័យនេះ រាល់ការប្រតិបត្តិសាសនា ត្រូវអនុលោមទៅតាមច្បាប់ប្រទេសផងដែរ ពីព្រោះច្បាប់នៃប្រទេសកម្ពុជា មិនបានហាមប្រាមមិនឲ្យគោរពប្រតិបត្តិ តាមសាសនានោះឡើយ។
ផ្ទុយទៅវិញរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់អំពីសុវត្ថិភាពសុខមាលភាពដល់ប្រជាជនទូទៅ មិនថាប្រជាជនកាន់សាសនាអ្វីនោះឡើយ ពោលគឺខ្មែរ ព្រះពុទ្ធសាសនា ខ្មែរឥស្លាម ខ្មែរគ្រឹស្ទ និងខ្មែរអ្នកកាន់សាសនាផ្សេងៗទៀត គឺជាខ្មែរតែមួយ ដោយឡែកនៅជាក់ក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូល កំពុងតែព្រួយបារម្ភនឹងចាត់វិធានការដើម្បីទប់ស្កាត់ការចម្លង និងរីករាកដាល នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បម្រាមមិនឲ្យមានការជួបជុំ មិនថាពិធីសាសនា ឬពិធីជួបជុំផ្សេងៗទៀត សូមបងប្អូនកុំមានការយល់ច្រឡំថា នេះជាការរឹតបន្តឹង សិទ្ធិគោរពប្រតិបត្តិសាសនាឲ្យសោះ។ រាជរដ្ឋាភិបាលនឹងដកបម្រាមនេះ ក្រោយពេលដែលជំងឺ បានស្រាកស្រាន្តទៅវិញ ឬមានវ៉ាក់សាំងចាក់ការពារ។
បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានរំលឹកថា ម្ចាស់អំណោយផ្លែលល្មើជិត ៣០តោននេះ គឺជាសប្បុរសជនពីប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ដែលធ្លាប់បានផ្ដល់ជំនួយសាងសង់វិហារឥស្លាមចំនួន៤ នៅក្នុងប្រទេសកម្ពុជាកន្លងមក។
គួរជម្រាបជូនថា នេះជាលើកចុងក្រោយ នៃពិធីចែកផ្លែល្មើ ជិត៣០តោន ជាអំណោយរបស់ក្រុមហ៊ុន Milipol international តាមរយៈអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដល់ទូទាំង២៥ខេត្ត-ក្រុង ក្នុងរដូវបុណ្យរ៉ាម៉ាឌន ឆ្នាំ២០២០នេះ៕