(បាត់ដំបង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង កាលពីខែមីនា ឆ្នាំ២០២០កន្លងទៅ បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធ សិក្សារួមគ្នាដើម្បីរៀបចំ និងស្ដារព្រលានយន្ដហោះនៅខេត្តមួយនេះឡើងវិញ បើទោះបីមិនអាចក្លាយជាព្រលានយន្តហោះ អន្តរជាតិក្តី ប៉ុន្តែនៅពេលប្រជាជនមានការរីកចម្រើនផ្នែកជីវភាព តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែខ្ពស់។
អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាល ខេត្តបាត់ដំបង» បានលើកឡើងថា ក្រោយទទួលបានការណែនាំពី សម្ដេចតេជោនាយករដ្ឋមន្ដ្រី រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ កំពុងសិក្សារួមគ្នាលើគម្រោងស្ដារឡើងវិញនូវព្រលាន្ដហោះនេះ។
បើតាមលោកអភិបាលខេត្ត រហូតមកដល់ពេលនេះ ក្រុមហ៊ុនឯកជន ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ កំពុងសិក្សាលើគម្រោងមួយនេះ ដើម្បីកំណត់ច្បាស់ថា ព្រលានយន្ដហោះនេះត្រូវការរៀបចំអ្វីបន្ថែមទៀត ដើម្បីអាចមានសមត្ថភាពក្នុងការហោះហើរ ខណៈព្រលានយន្ដហោះមួយនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់តាំងពី ឆ្នាំ១៩៦៨មកម្ល៉េះ ដែលអាចឲ្យយន្ដហោះចុះចត ឬហោះហើរ ត្រឹមធុនតូចប៉ុណ្ណោះ។
លោក ងួន រតនៈ បានអះអាងទៀតថា ការសិក្សាស្ដារឡើងវិញនូវព្រលានយន្ដនេះទៀតសោត នឹងធ្វើយ៉ាងណាដើម្បីអាចមានលទ្ធភាពបម្រើឲ្យទីផ្សារនាពេលបច្ចុប្បន្ន។ លោកអះអាងថា ក្រុមការងារសិក្សាលើបញ្ហានេះ គឺដឹកនាំដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោយមានការចង្អុលបង្ហាញពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តក៏បានបែងចែកក្រុមសិក្សាមួយទៀត ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ ដែលនៅទីនោះនាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋជាមន្ដ្រីរាជការកំពុងមានទីលំនៅរស់នៅទីនោះផងដែរ ដែលការងារនេះក្រុមការងារកំពុងសិក្សារួមគ្នា។
លោក ងួន រតនៈ បានវាយតម្លៃថា នៅពេលព្រលានយន្ដហោះចំណាស់មួយត្រូវបានស្ដារឡើងវិញ ខេត្តបាត់ដំបង នឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនបន្ថែម ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តមួយនេះផងដែរ។
សូមជម្រាបថា ក្នុងឆ្នាំ២០១៩ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុប ៦៦៨,៣៣២នាក់ (បើប្រៀបធៀបនឹងឆ្នាំ២០១៨ កើនឡើង ៨.១២ភាគរយ) ក្នុងនោះភ្ញៀវជាតិ ៥៦៧,៥៨៨នាក់ និងភ្ញៀវអន្ដរជាតិ ១០០,៧៤៤នាក់៕