(កណ្តាល)៖ កម្លាំងនគរបាលស្រុកកោះធំ ខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ពី លោកអធិការ ឈឿន ប៊ុនឆន បានបន្តប្រតិបត្តិការចុះបង្ក្រាបករណីរក្សាទុក និង ចែកចាយគ្រឿងញៀន៦នាក់ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ព្រមទាំងដកហូតថ្នាំ ប្រភេទម៉ាទឹកកក ចំនួន៩ កញ្ចប់ផងដែរ។

លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ រួមមានទី១/-ឈ្មោះ ម៉េង ម៉ាញ អាយុ២៣ឆ្នាំ ២/-ឈ្មោះ គី វ៉ង អាយុ២០ឆ្នាំ ៣/-ឈ្មោះ រ៉េត សុភា អាយុ២៣ឆ្នាំ ៤/-ឈ្មោះ ណៃ ចាន់ណា អាយុ២០ឆ្នាំ ៥/-ឈ្មោះ ហុង បូរី អាយុ២៥ឆ្នាំ និង៦/-ឈ្មោះ ផាន់ បូរិន អាយុ២៩ឆ្នាំ រស់នៅ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

លោកអធិការបានបន្តថា នៅថ្ងៃត្រង់ទី១៤ ខែមករានេះ កម្លាំង ប៉ុស្តិ៍រដ្ឋបាលសំពៅពូន បានទទួលព័ត៌មានពី កម្លាំងសម្ងាត់មូលដ្ឋានថា នៅចំណុចផ្ទះ កើតហេតុខាងលើ មានការលួចចែកចាយ គ្រឿងញៀន ទាំងថ្ងៃទាំងយប់។

ពេលនោះ កម្លាំងនគរបាលក៏ចុះទៅឡោមព័ទ្ធទីតាំងនេះ រហូតឈានទៅឃាត់ បានជនសង្ស័យម្នាក់ ឈ្មោះ ម៉េង ម៉ាញ ព្រមទាំងរឹបអូសបាន ថ្នាំញៀនចំនួន០៤កញ្ចប់តូច។ ក្រោយការ សួរនាំ កម្លាំងនគរបាល បានឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យ៥នាក់ ទៀតជាបន្តបន្ទាប់។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតនៅក្រោមការសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕

Posted by Fresh News Photo on Thursday, January 14, 2016