(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានស្នើដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បង្កើនការយកចិត្តទុកដាក់អនុវត្តតាមគោលដៅ និងផែនការសកម្មភាពក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភ័ណ្ឌវប្បធម៌ របស់កម្ពុជាឲ្យបានគង់វង្ស។  

ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានសំណូមពរឲ្យ មានការចូលរួមគាំទ្របន្ថែមទៀត ពីវិស័យឯកជនក្នុងការឧបត្ថម្ភនូវកម្មវិធីដែលជួយ អភិរក្ស និងអភិវឌ្ឍន៍បេតិកភ័ណ្ឌវប្បធម៌ជាតិ ដូចជាកម្មវិធីមរតកវប្បធម៌ខ្មែរ របស់ទូរទស្សន៍បាយ័នជាដើម។

ខាងក្រោមនេះ ជាអត្ថបទទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសរសេរបង្ហោះក្នុង Facebook Page ផ្លូវការរបស់សម្តេច៖

ជនរួមជាតិជាទីគោរពស្រឡាញ់

កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំនិងភរិយាបានចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្តល់ពានរង្វាន់ជយលាភីដល់បេក្ខជន និបេក្ខនារី ចំនួន១២នាក់ នៅក្នុងកម្មវិធី «មរតកវប្បធម៌ខ្មែរ» ដែលក្នុងនោះមានការប្រឡងចម្រៀងប្រពៃណី មហោរី យីកេ និង បាសាក់ ។ នេះគឺជាពានរង្វាន់លើកទី ៧ របស់ខ្ញុំ និងភរិយាផ្ទាល់ ដែលបានរៀបចំបង្កើតឡើង នៅទូរទស្សន៍បាយ័ន តាំងពីឆ្នាំ ២០០៩ មកម៉្លេះ ដើម្បីលើកស្ទួយសិល្បះវប្បធម៌ជាតិ។

កម្មវិធីលើកស្ទួយមរតកវប្បធម៌ជាតិ គឺជាមានសារៈសំខាន់ខ្លាំងណាស់ដល់ប្រទេសយើង។ ទន្ទឹមនឹងនេះគឺបានបង្ហាញនូវអត្តសញ្ញាណជាតិ ដែលយើងទាំងអស់គ្នាត្រូវចូលរួមលើកស្ទួយ​ វឌ្ឍនភាពនៃវប្បធម៌ជាតិ ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព ស្របតាមស្មារតីទិវាវប្បធម៌ជាតិ ។

ខ្ញុំគាំទ្រ និងកោតសរសើរដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងក្រុមហ៊ុនឯកជនមួយចំនួន (Kap) ដែលបានចូលរួមគាំទ្រ និងបង្កើតកម្មវិធីល្អៗ ដើម្បីថែរក្សា និងអភិរក្សវិស័យមរកតវប្បធម៌ជាតិ អោយបានរឹងមាំល្អ។ ខ្ញុំបានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ម្ចាស់ផលិតកម្ម អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនីទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តតាមគោលដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភ័ណ្ឌវប្បធម៌របស់យើង។ ជាពិសេស ខ្ញុំសំណូមពរអោយមានការចូលរួមគាំទ្របន្ថែមទៀត ពីវិស័យឯកជនក្នុងការឧបត្ថម្ភនៅក្នុងកម្មវិធីដូចនេះ។

ខ្ញុំ និងភរិយារីករាយក្នុងការចូលរួមគាំទ្រ លើកស្ទួយមរតកវប្បធម៌ជាតិខ្មែយើង អោយបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត៕