(កណ្តាល)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានក្រើនរំលឹក និងណែនាំដល់មន្ត្រីបម្រើការងារនៅមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកណ្តាល ឱ្យប្រឹងប្រែងបម្រើការងាររបស់ខ្លួនដោយឈរលើស្មារតីស្មោះត្រង់ និងត្រឹមត្រូវទៅច្បាប់កំណត់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។

ការណែនាំ និងក្រើនរំលឹករបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីបម្រើការងារនៅមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកណ្តាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។

ក្នុងកិច្ចសំណេះសំណាលនេះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យបានខ្លាំងក្លាបន្ថែមទៀត។ លោករដ្ឋមន្ត្រី បន្តថា ដើម្បីសម្រេចបាននូវគោលនយោបាយ និងមហិច្ឆតាទាំងនេះ មន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម និងនៅតាមមន្ទីរពាណិជ្ជកម្មទាំងអស់ ជាចលករដ៏សំខាន់ និងចាំបាច់បំផុត។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ «យោងតាមការរីកចម្រើនរបស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសយើងនាពេលបច្ចុប្បន្ន យើងត្រូវធ្វើការងារឱ្យសកម្មថែមទៀត ដោយត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានថ្មីៗ ដែលទាក់ទងក្រសួងពាណិជ្ជកម្ម»។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានណែនាំមន្ត្រីរាជការបម្រើការនៅមន្ទីរពាណិជ្ជខេត្តកណ្តាល ត្រូវខិតខំបំពេញតួនាទី និងភារកិច្ច ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលសកម្មភាពរបស់ក្រសួង។

មិនតែប៉ុណ្ណោះ ត្រូវសហការជាមួយអាជ្ញាធរដែនដីចុះពង្រឹងការអនុវត្តប្រកាសស្តីពីការគ្រប់គ្រង និងការចេញលិខិតអនុញ្ញាតប្រកបអាជីកម្ម សេវាកម្ម ពាណិជ្ជកម្ម, សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីត្រួតពិនិត្យទំនិញ និងការគ្រេប់គ្រងសកម្មភាពអាជីវកម្ម លោហធាតុត្បូងថ្ម មានតម្លៃជាគ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ។

លោក ប៉ាន សូរស័ក្តិ ក៏បានណែនាំឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត យកចិត្តទុកដាក់អនុវត្តន៍ប្រកាសអន្តរក្រសួង ស្តីពីការប្រើប្រាស់នាមករណ៍សហគ្រាស ក្រុមហ៊ុន នៅលើលិខិតឯកសារ ស្លាកសញ្ញាសម្រាប់តាំងបង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ ដើម្បីការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋលើសកម្មភាពអសកម្មរបស់អាជីករ និងជាមុខមាត់របស់ប្រទេសជាតិលើករណីមួយចំនួន ដូចជាការលើកផ្លាកយីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀត ដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស។ល។

លោករដ្ឋមន្ត្រី ក៏បានណែនាំមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ខេត្ត ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង ហើយត្រូវពិនិត្យ និងតាមដានការប្រកបអាជីវកម្មដែលមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ឬស្ថាប័នពាក់ព័ន្ធ និងការប្រើប្រាស់ឈ្មោះ និងស្លាកសញ្ញាស្រដៀងគ្នា នាំឱ្យមានការយល់ច្រឡំ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានណែនាំសាខាការពារអ្នកប្រើប្រាស់ខេត្តត្រូវ ធ្វើការត្រួតពិនិត្យ និងអនុវត្តន៍អនុក្រឹត្យស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យឱ្យមានប្រសិទ្ធភាព។ បន្ថែមពីលើនោះ សាខាការពារអ្នកប្រើប្រាស់ខេត្ត ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង។

 

ក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរផងដែរ ចំពោះមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ដែលបានប្រឹងប្រែងសម្រេចនូវលទ្ធផលការងារជាច្រើនសម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ។

សូមបញ្ជាក់ថា នៅក្នុងចក្ខុវិស័យពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបានផ្ដោតយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់
ផលិតកម្ម និងការធានាគុណភាពនៃផលិតផលឱ្យស្របតាមស្ដង់ដាររបស់ទីផ្សារ ការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់ការក្លែងបន្លំ ការពង្រឹងយន្ដការត្រួតពិនិត្យគុណភាពទំនិញដើម្បីធានាឱ្យការនាំចេញ។

ក្រសួងពាណិជ្ជកម្ម នឹងដាក់ចេញនូវគោលនយោបាយថ្មីៗ ប្រកបដោយទស្សនទានពាណិជ្ជកម្មល្អៗ និងមុតស្រួច ជាពិសេសការបើកចំហជើងមេឃ លំហូរដោយសេរីនៃទំនិញ សេវាកម្ម វិនិយោគ កម្លាំងពលកម្ម និងមូលធន៕

រូបភាព ពិធីសំណេះសំណាល
ជាមួយមន្រ្តីរាជការមន្ទីរពាណិជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តកណ្តាល

រូបភាព ពិធីសំណេះសំណាល
ជាមួយមន្រ្តីរាជការមន្ទីរពាណិជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តកណ្តាល