(កណ្តាល)៖ ជនសង្ស័យម្នាក់មិនខ្ចីខ្វល់​និងការរកស៊ីនោះទេ ព្រោះមាន​ជំនាញខាងបោកម៉ូតូគេ យកទៅលក់ដើរ​សីុ​ចាយ​​ជា​បន្ត​បន្ទាប់ ប៉ុន្តែចុងក្រោយអស់ល័ក្ខ​ត្រូវម្ចាស់គេតាមរកឃើញ​រួចឃាត់ខ្លួននាំយកមក​ប្រគល់ឲ្យ​​នគរ​បាល​ចាត់​ការ​ទៅតាមផ្លូវច្បាប់ កាលពីម៉ោង១៣៖៣០នាទីថ្ងៃទី១៤ខែមករា ឆ្នាំ២០១៤ នៅឃុំឆក់ឈើងនាង ស្រុកអង្គស្នួល ខេត្ត​កណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ​ វីរៈ ភេទប្រុស ​អាយុ​១៨ឆ្នាំមុខរបរជា​សិស្ស​ រស់នៅភូមិ​ត្រពាំងភូមិ ឃុំពើក​​ ស្រុកអង្គស្នួល​ ។ ចំណែកជនសង្ស័យឈ្មោះ ឌិន​ បញ្ញា​ ​ អាយុ​១៨ឆ្នាំ មុខរបរមិនពិតរស់​នៅភូ​មិចុង​បង្គោល​ ឃុំបែកចាន​ ស្រុកអង្គស្នួល ខេត្តកណ្តាល​​ ។ ចំពោះម៉ូតូ​ដែលបានបាត់បង់ គឺម៉ាក C១២៥ ពណ៌​ខ្មៅ​ពាក់ស្លាកលេខ ភ្នំពេញ​1DG-8927 ។

មន្ត្រីនគរបាលបានបន្តថា កាលពីថ្ងៃទី០៤ខែមករា ឆ្នាំ២០១៦កន្លងទៅ ជនសង្ស័យនិងជនរងគ្រោះ​បានឌុបគ្នា​ទៅផឹកស៊ី​​នៅចំណុចអាហារដ្ឋាន​ម្លប់ដូង​ត្រជាក់ចិត្ត ភូមិសាំងដំរី​ ឃុំឆក់ឈើនាង​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល ហើយ​ខណៈ​កំពុងតែផឹកស៊ីនោះ ស្រាប់តែជនសង្ស័យ​បានប្រើ​ល្បិចខ្ចីម៉ូតូ​ទៅឌុបបង​ប្អូន​យកមកស៊ីផឹក​ជាមួយគ្នា ពេលនោះជនរងគ្រោះព្រម​ឲ្យម៉ូតូខ្ចី លុះពេលជន​សង្ស័យជិះម៉ូតូចេញទៅ​មិនឃើញត្រឡប់មកវិញ ទើបដឹងថាចាញ់បោកគេ រួចបានមកដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាល​កន្លែងកើតហេតុ​​ លុះដល់​ថ្ងៃទី១៤ខែឆ្នាំដដែល ស្រាប់តែជនរងគ្រោះ​ប្រទះ​ឃើញជនសង្ស័យនៅផ្ទះជួលម្តុំអូរឌឹមទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ ក៏ធ្វើការឃាត់ខ្លួននាំ​យក​មកប្រគល់ឲ្យនគរបាល​ចាត់ការទៅតាមផ្លូវច្បាប់។

មន្ត្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យកន្លងមកធ្លាប់ប្រើល្បិច​ខ្ចីម៉ូតូគេរួចស៊ីដាច់ជាច្រើនគ្រឿងមក​ហើយ ប៉ុន្តែម្ចាស់គេមុនមិនដែលតាមរកឃើញនោះទេ តែលើកនេះអស់ល័ក្ខ​ត្រូវម្ចាស់គេរកឃើញ ឃាត់ខ្លួនប្រគល់ឲ្យ​នគរបាល​ចាត់ការទៅតាមផ្លូវច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល​ស្រុកអង្គស្នួល ដើម្បីកសាង​សំណុំរឿងបញ្ជូនមកកាន់ស្នងការ​ចាត់ការទៅតាមផ្លូវច្បាប់៕