(កំពង់ឆ្នាំង)៖ ការប្រកបរបរធ្វើនំ «ថងមួន» របស់ខ្មែរនៅខេត្តកំពង់ឆ្នាំង លក់មិនសូវដាច់ដូចមុនឡើយ ដោយសារប្រជាពលរដ្ឋមិនសូវចេញក្រៅផ្ទះ ទៅទិញបរិភោគដូចមុន ព្រោះខ្លាចជំងឺកូវីដ១៩ (COVID-19)។ នេះបើតាមអ្នកប្រកបរបរនំថងមួន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ខណៈពេលកំពុងញាប់ដៃញាប់ជើង ចាក់ឆ្កឹះនំ «ថងមួន» ចេញពីពុម្ពយកមកបត់ពត់ជាបំពង់ និងជាផ្កាដាក់ក្នុងល្អី, កសិករមួយគ្រួសារ ដែលបានប្រកបមុខរបរធ្វើនំលក់ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ក្រោយរលកជំងឺកូវីដ-១៩លើកដំបូង បានផុតរលត់ពីកម្ពុជាទៅ ក្រុមគ្រួសារគាត់បានចាក់នំថងមួន លក់ដាច់ជាបណ្តើរៗវិញហើយ តែមិនបានដូចមុនពេល ដែលជំងឺនេះវាយលុកនៅឡើយទេ ពោលលក់បានត្រឹម ១០គីឡូអង្ករក្នុង១ថ្ងៃ ខណៈមុនជំងឺកូវីដ-១៩ អាចលក់បានដល់ ៦០គីឡូអង្ករឯណោះក្នុង១ថ្ងៃ។
កញ្ញា លីន ចរិយា បានប្រាប់ថា មុនជំងឺកូវីដ-១៩វាយលុក ក្រុមគ្រួសារនាងមានថ្ងៃខ្លះរវល់ចាក់នំថងមួន ចាប់ពីម៉ោង៦ភ្លឺរហូត ដល់ម៉ោង៨យប់ អស់អង្ករប្រមាណពី៥០ទៅ ៦០គីឡូក្រាម ប្រើពុម្ពចាក់នំចំនួន១២ពុម្ព នៅតែចាក់មិនទាន់តម្រូវការអតិថិជន ជាពិសេសពេលករណីមានពិធីបុណ្យទាននានា និងការជួបជុំផ្សេងៗជាច្រើន។ ប៉ុន្តែក្នុងពេលកើត មានជំងឺកូវីដ-១៩ភ្លាម មុខរបរចាក់នំថងមួន លក់របស់គ្រួសារនាងក៏បានធ្លាក់ចុះ រហូតដល់សម្រាកឈប់ផលិតនំប្រមាណជិត១០ ថ្ងៃឯណោះ តែបច្ចុប្បន្ននេះមានអ្នកមកទិញជាបណ្តើរៗ និងកម្មង់ទិញខ្លះៗ វិញហើយ។
កញ្ញាបានឲ្យដឹងទៀតថា ការផលិតនំថងមួនលក់អាចជួយដោះបន្ទុកគ្រួសារនាងបានច្រើន ទៅលើការរៀនសូត្ររបស់ប្អូនៗ ដូចជាចំណាយទៅលើការរៀនសូត្ររបស់រូបនាងផ្ទាល់ និងផ្គត់ផ្គង់ជីវភាពសមាជិកគ្រួសារប្រចាំថ្ងៃ ឲ្យមានភាពធូរធាមួយចំណែកផងដែរ។ ដោយសារនំរបស់នាងមានរសជាតិឈ្ងុយឆ្ងាញ់ បានធ្វើឲ្យការផលិតនំថងមួនរបស់ក្រុមគ្រួសារនាង បានល្បីខ្ទរខ្ទារ និងបានបោះដុំទៅកាន់ទីផ្សារនានានៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសនាងមានម៉ូយគ្រប់ ២៥រាជធានី-ខេត្ត តែងតែឈប់ឡានដើម្បីទិញនំរបស់នាង យកទៅផ្ញើក្រុមគ្រួសាររបស់ពួកគេជាហូរហែរ។
នាងក៏បានជូនដំណឹងដល់អតិថិជនដែលជាម៉ូយ ធ្លាប់ទិញនំនាងកន្លងមកផងដែរថាខ ណៈពេលនេះក្រុមគ្រួសារនាងបានចាប់ផ្ដើមធ្វើនំនេះឡើងវិញហើយ ដូច្នេះសូមអតិថិជនដែលធ្វើដំណើរឆ្លងកាត់ក្រុងកំពង់ឆ្នាំង ហើយធ្លាប់ទិញនំរបស់នាង មេត្តាចូលមកទិញនំរបស់នាងវិញ ប្រសិនបើមានអតិថិជនផ្សេង ចង់ភ្លក់រសជាតិនំថងមួននាងនេះ សូមមេត្តាអញ្ជើញមកទិញញ៉ាំចុះមិនខុសបំណងឡើយ។ កញ្ញាបញ្ជាក់ថា ផ្ទះកញ្ញាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ទល់មុខអារហារដ្ឋានដំរីសតែម្តង។
សូមបញ្ជាក់ថា នំថងមួនជានំខ្មែរម្យ៉ាង ដែលគេផលិតឡើងដោយម្សៅអង្ករខ្សាយកិនលាយជាមួយដូងទុំ ពងទា ពងមាន់ គ្រាប់ល្ងរ និងស្ករត្នោត។ ដើម្បីបានជានំនេះ គេមានពុម្ពដើម្បីដុតវា នៅពេលដែលគេបានកិនម្សៅលាយបញ្ចូលគ្នាសព្វគ្រឿងហើយនោះ។ នំថងមួននេះដែរ គេនិយមធ្វើជាបង្អែមតាមពិធីបុណ្យទាននានា ឬក៏សម្រាប់ជូនចាស់ៗញ៉ាំជាមួយនឹងទឹកតែក្ដៅៗ។ នំនេះក៏អាចដាក់ញ៉ាំជាមួយនឹងការ៉េមកីបានដែរ ដែលរឹតតែបន្ថែមរសជាតិឆ្ងាញ់ថែមទៀត។
ចំណែករបៀបធ្វើវិញ គេយកអង្ករមកត្រាំទឹកពីល្ងាច ព្រឹកឡើងទើបកិនដាក់សង្កត់សម្រស់នឹងសំពត់ត្រងឲ្យស្ងួត ទើបយកមកបេះឲ្យខ្ទេចញីជាមួយស្ករស ឬស្ករត្នោត គោះពងទា ញីឲ្យសព្វបែកគ្រាប់ស្ករ ទើបយកដូងមកកោសពូតយកក្បាលខ្ទិះ មកចាក់ក្នុងចានម្សៅកូរឲ្យខាប់ល្មម (ប្រយ័ត្នកុំឲ្យរាវ) រួចយកទៅដុត មើលបើរឹងហើយទើបថែមទឹកខ្ទិះតាមក្រោយ ហើយបើមិនផ្អែមអាចថែមស្ករទៀត។
ឯរបៀបដុតនោះ គេយកខ្លាញ់មកលាបនឹងពុម្ព ដាក់លើរងើកភ្លើងឲ្យក្ដៅ ទើបដួសម្សៅមួយស្លាបព្រាពេញដាក់មកក្នុងពុម្ពបិទទៅវិញ ហើយដាក់ទាល់តែម្សៅដែលជាប់ទៅនឹងគែមពុម្ពនោះក្រៀមក្រហម ទើបត្រឡប់ពុម្ពមកម្ខាងទៀត រួចយកខ្នងកំបិតមកកោសតាមខ្នងពុម្ពចេញ។ បន្ទាប់មក គេបើកពុម្ពយកនំមកបត់ ឬមូរតាមដែលចូលចិត្តដាក់ក្នុងកែវ ឬឡាំងគ្របឲ្យជិតកុំឲ្យចូលខ្យល់ ទើបស្រួយល្អហើយទុកបានយូរថ្ងៃ៕