(ក្រចេះ)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តសាំងយ៉ុង បុកស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអធ័ម​ ខណៈដែលរូបគាត់បានជិះម៉ូតូ មកពីហូបការឆ្ពោះទៅផ្ទះវិញ​ ចំណែកឯរថយន្តបានបើករត់ឡេចខ្លួនបាត់។

គ្រោះថ្នាក់ចរាចរណ៌នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖១៥នាទីយប់ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០១៦នេះ​ នៅចំណុចមុខស្នាក់ការ គណបក្សប្រជាជន ស្រុកចិត្របុរី​ ក្នុងឃុំដារ​ ស្រុកចិត្របុរី​ ខេត្តក្រចេះ។

នរគបាលស្រុកចិត្របុរី បានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ​ អ៊ឹម​ សុជាតិ​  អាយុ៤៨ឆ្នាំ​ មានទីលំនៅភូមិស្ទឹងស្វាយ​ ឃុំដារ​ ស្រុកចិត្របុរី​ ខេត្តក្រចេះ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរចេញពីហូបការគេមួយកន្លែងរួចហើយបានវិលត្រឡប់ មកផ្ទះវិញ​ ស្រាប់តែជិះម៉ូតូហួសផ្ទះ​ហើយ ក៏បត់ម៉ូតូទៅក្រោយវិញ ពេលជិះមកដល់ចំណុចកើតហេតុ​ ក៏ត្រូវរថយន្តសាំងយ៉ុង ដឹកជន្លង មួយគ្រឿងបុកពេញទំហឹង​ បណ្ដាលឲ្យដេកស្លាប់ នឹងកន្លែងកើតហេតុ​តែម្ដង។

នរគបាលចរាចរណ៍ស្រុកចិត្របុរី បន្តទៀតថាអ្នកបើកបរ បានបើករត់គេចខ្លួនបាត់ស្រមោល ហើយនៅពេលនេះនគរបាល កំពុងស្រាវស្រាយ បន្តដើម្បីរកមុខម្ចាស់រថយន្ដមកផ្តន់ទាទោសតាមច្បាប់។

ចំណែកសាកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕