(អាមេរិក)៖ ស្ត្រីមេម៉ាយម្នាក់ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការរដ្ឋកាលីហ្វូញ៉ា ដោយបានចោទប្រកាន់​ បណ្ដាញ​ទំនាក់ទំនងសង្គម Twitter ថា ជាអ្នកសម្របសម្រួល ទំនាក់ទំនងរវាងក្រុមភេរវករ និងក្រុមឧទ្ទាមផ្សេងទៀត មានន័យថា Twitter ជាបណ្ដាញមួយដែល ក្រុមឧទ្ទាមប្រើប្រាស់សម្រាប់ទាក់ទងគ្នា នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន RT នៅថ្ងៃទី១៥ ខែមករា។

លោកស្រី Tamara Fields បាននិយាយទាំងកំហឹងថា ប្ដីគាត់ឈ្មោះ Lloyd Fields បានស្លាប់ នៅក្នុងការវាយ ប្រហារមួយនៅ មជ្ឈមណ្ឌល បណ្ដុះបណ្ដាលប៉ូលិសក្នុងតំបន់ Jordanian កាលពីខែវិច្ឆិកា ដោយការវាយប្រហារ​នោះ ត្រូវបានក្រុម ISIS ចេញផ្សាយ ប្រកាសថា ជាទង្វើរបស់ពួកគេ។

នៅក្នុងពាក្យបណ្ដឹងរបស់លោកស្រី Tamara Fields មិនបានបញ្ជាក់ពីការទាមទារសំណងនោះទេ ប៉ុន្តែ​លោក​ស្រី​បានបញ្ជាក់ថា Twitter គួរតែទទួលខុសត្រូវទៅលើចំណុចមួយនេះ ដើម្បីសន្ដិភាពពិភពលោក។

កាលពីឆ្នាំ២០១៥ មានស្ថាប័នតុលាការ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួន បានស្នើឲ្យ Twitter កាត់ផ្ដាច់​ទំនាក់​ទំនងរវាងក្រុមឧទ្ទាម ISIS ព្រោះថាពួកនេះ បានប្រើប្រាស់បណ្ដាញសង្គម Twitter ក្នុងការទាក់ទងគ្នា។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ Brookings Institution បានឲ្យដឹងថា មានគណនី Twitter ចន្លោះពី ៤៦.០០០ ទៅ ៦០.០០០ ជារបស់ក្រុមឧទ្ទាម ISIS ដែលពួកនេះ ប្រើប្រាស់សម្រាប់ទំនាក់ទំនង និងកៀរគរគ្នា​។

គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាម ISIS បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter, Instagram និង Telegram ដើម្បីទំនាក់ទំនង គ្នា និងប្រើប្រាស់អនុវត្តភេរវកម្មផងដែរ៕