(បាត់ដំបង)៖ ដីមួយកន្លែងស្ថិតក្នុង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមានទំនាស់ដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ ប្តឹងផ្តល់គ្នារវាងអ្នកស្រី ងិន សុខជា និងលោក អួន សាយ ប៉ុន្តែរហូតមកដល់ពេលនេះ បញ្ហាមិនទាន់ត្រូវបានដោះស្រាយរួចរាល់ នៅឡើយទេ។

លោក អួន សាយ ដែលអះអាងថា គាត់ជាអ្នកឈ្នះក្តីនោះ បានហៅក្រុមមន្រ្តីជំនាញមកវាស់ដី ដើម្បីធ្វើប្លង់រឹងសម្រាប់សង់ផ្ទះ តែអ្នកចាញ់ក្តីគឺអ្នកស្រី ងិន សុខជា បានរារាំង និងអះអាងថា រូបលោក បានឃុបឃិតគ្នា ធ្វើឯកសារក្លែងក្លាយ តាំងពីមូលដ្ឋានដល់ថ្នាក់លើ ទើបធ្វើឲ្យគាត់ចាញ់ក្តី យ៉ាងអយុត្តិធម៌ដូច្នេះ។

អ្នកស្រី ងិន សុខជា (ភាគីចាញ់ក្តី) បានអះអាងថា អ្នកស្រីបានទិញដីមួយកន្លែងនេះ ពីអ្នកជិតខាងជាច្រើនម្ចាស់គួប និងដីមានស្រាប់ ហើយបន្ទាប់មក អ្នកស្រីក៏បានលក់ដីមួយចំនួនឲ្យផ្សេង នៅសល់តែដីទំនាស់មួយកន្លែង ដែលបានចាញ់ក្តី ដោយអយុត្តិធម៌នេះទេ។

លុះព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ម្សិលមិញ លោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង និងប្រធានមន្ទីរសុរិយោដីខេត្ត មន្រ្តីសាលាក្រុងពាក់ព័ន្ធ និងភូមិសង្កាត់ ចុះមកពិនិត្យដើម្បីក្តាប់សភាពការណ៍ ប្រមូលទិន្នន័យឯកសារពាក់ព័ន្ធ ដើម្បីសម្រេចវាស់ដីទំនាស់នេះ ដោយសំអាងថា ដីទំនាស់នេះត្រូវបានបញ្ចប់ហើយ តាមសាលដីកាកំពូល។ លោក សៀងឯម វូនស្ហី បានសន្យាជាមួយអ្នកស្រី ងិន សុខជា ថា សប្តាហ៍ក្រោយ លោក និងក្រុមការងារចុះមកម្តងទៀត ដើម្បីធ្វើការវាស់វែង។

សម្រាប់លោក អួន សាយវិញ អភិបាលក្រុងបាត់ដំបង និងក្រុមការងារ ចុះមកព្រឹកនេះ គឺតាមការស្នើសុំរបស់លោក ដើម្បីធ្វើប្លង់ដី (ប្លង់រឹង) ឲ្យស្របតាមច្បាប់ និងបានធ្វើផ្ទះ មិនមែនមកតាមការអញ្ជើញរបស់អ្នកស្រី ងិន សុខជា នោះទេតែដោយអ្នកចាញ់ក្តីរារាំង ទើបមិនអាចបញ្ចប់រឿងយ៉ាងដូច្នេះ។ អ្នកជិតខាងក៏រង់ចាំមើលថា លោកអភិបាលក្រុង និងអ្នកជំនាញសន្យាថា មកនាសប្តាហ៍ក្រោយ ដើម្បីវាស់វែងដីនោះ មិនដឹងថាវាស់ដី ដើម្បីសើរើឡើងវិញ ឬវាស់ដីសម្រាប់ធ្វើប្លង់រឹង ឲ្យភាគីឈ្នះក្តី អួន សាយ នោះឡើយ៕