- អាជ្ញាធរខណ្ឌជ្រោយចង្វារហាមសង់រោងការ រោងបុណ្យ...នៅលើទ្រូងផ្លូវជាតិលេខ៦និងផ្លូវទន្លេសាប !

(ភ្នំពេញ)៖ ឈានចូលដល់ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅ ខាងកើតដងទន្លេសាប និងខាងលិចដងទន្លេមេគង្គ ដោយមានផ្លូវជាតិដ៏សំខាន់មួយគឺ ផ្លូវជាតិលេខ៦ ពុះកាត់ចំពាក់កណ្ដាលភូមិសាស្ត្រ និងសំបូរទៅដោយទីតាំងប្រកប អាជីវកម្មនិងភោជនីយដ្ឋាន នៅអមសង្ខាងផ្លូវ និងផ្លូវទន្លេសាប ដែលជាផ្លូវសម្រាប់ទេសចរណ៍ ដ៏សំខាន់មួយនៅជាប់មាត់ទន្លេសាប ត្រើយខាងកើតទល់ មុខព្រះបរមរាជវាំងនោះ។

ឥឡូវផ្លូវដ៏សំខាន់ទាំងពីរខ្សែនេះ ត្រូវបានអាជ្ញាធរខណ្ឌមានវិធានការ ហាមឃាត់ក្នុងការសង់ រោងការរោងបុណ្យ និងរោងពិធីផ្សេងៗនៅលើទ្រូងផ្លូវ ចាប់ពីថ្ងៃនេះតទៅ ហើយដើម្បីទប់ស្កាត់ ការកកស្ទះចរាចរ ការបាត់បង់សណ្ដាប់ធ្នាប់ និងរក្សាសុវត្ថិភាពប្រជាពលរដ្ឋសុវត្ថិ ភាពអ្នកធ្វើដំណើរជាដើម។

លោក ឃ្លាំង ហួត ក្នុងនាមអភិបាលខណ្ឌ បានដាក់បទបញ្ជាដល់មន្ត្រី អាជ្ញាធរ សមត្ថកិច្ចថ្នាក់ក្រោមទាំងអស់ ត្រូវធ្វើការហាមឃាត់ និងទប់ស្កាត់អោយខាងតែបាន គឺមិនអនុញ្ញាតអោយមានការ សង់រោងការ រោងបុណ្យ និងរោងពិធីផ្សេងៗ នៅលើទ្រូងផ្លូវដ៏សំខាន់ទាំងពីរខ្សែនេះឡើយ គឺផ្លូវជាតិលេខ៦ និងផ្លូវទន្លេសាប តែអនុញ្ញាតអោយសង់រោង នៅលើចិញ្ចើមផ្លូវបានមិនហាមឃាត់នោះទេ។ ដោយឡែកផ្លូវផ្សេងៗទៀត អាចអនុញ្ញាតអោយសាងសង់ បានទៅតាមភូមិសាស្ត្រជាក់ស្ដែង ដោយមានការជួយសម្របសម្រួលរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ពីមន្ត្រីសន្តិសុខ នៅតាមមូលដ្ឋាន ដើម្បីអោយប្រជាពលរដ្ឋរៀបចំពិធី បានដោយរលូន និងសប្បាយរីករាយ។

ផ្ដល់បទសម្ភាសន៍ដល់ភ្នាក់ងារ Fresh news លោក ឃ្លាំង ហួត បានអះអាងថា លោកបានដាក់បទបញ្ជាអោយ លោកចៅសង្កាត់ណែនាំ ដល់ប្រជាពលរដ្ឋដែលរស់នៅ អមសង្ខាងផ្លូវជាតិលេខ៦ និងផ្លូវទន្លេសាបមិនអនុញ្ញាត អោយសង់រោងការ ឬរោងបុណ្យផ្សេងៗជាដាច់ខាត ។ ប៉ុន្តែអាជ្ញាធរត្រូវសម្របសម្រួល ជួយដល់ពួកគាត់ថា បើធ្វើបុណ្យធ្វើទានត្រូវទៅធ្វើនៅវត្ត ព្រោះនៅតំបន់នោះវត្តធំៗណាស់ ហើយបើករណីជប់លៀង ត្រូវបង្វែទិសគាត់អោយរកដីឡូត៏ណា ដែលនៅក្បែរនោះជួយសហការ សម្រួលសុំខ្ចីធ្វើរោងឬ ទីតាំងរបស់រដ្ឋដោយយើង មិនយកកម្រៃឬសេវានោះទេ មានតែជួយគាត់ថែម។ ចំណែកផ្លូវជាតិលេខ៦ និងផ្លូវមាត់ទន្លេសាប គឺយើងមិនអនុញ្ញាតជាដាច់ខាតតែម្ដង។

លោក ឃ្លាំង ហួត បានបន្ថែមទៀតថា ចំណែកផ្លូវក្រៅពីនោះ គឺយើងពិនិត្យតាមជាក់ស្តែង បើសិនគាត់អត់មានកន្លែង គាត់ធ្វើលើផ្លូវ អាជ្ញាធរនិងសមត្ថកិច្ចក៏ដូចជាសណ្តាប់ ធ្នាប់ចូលរួមសហការជាមួយគាត់ ជួយសម្រួលចរាចរ ដើម្បីគាត់ធ្វើបុណ្យទានឬពិធីផ្សេងៗ បានរលូន។

លោកឲ្យដឹងផងដែថា ការសាងសង់លើផ្លូវឬបិទផ្លូវនេះវា ប៉ះពាល់ខ្លាំងណាស់ ចរាចរមមាញឹក ទី-១គឺស្ទះផ្លូវគេ, ទី២-គឺអាចគ្រោះថ្នាក់ជាយថាហេតុ តើឱ្យអ្នកណាទទួលខុសត្រូវ ហើយរឿងនេះប្រជាពលរដ្ឋ គឺគាត់គាំទ្រណាស់ ព្រោះអារឿងបិទផ្លូវបិទអីនេះម្នាក់ៗ គឺរអ៊ូរទាំណាស់អារឿងស្ទះហ្នឹង ហើយវិធានការរបស់យើង គឺឱ្យប្រជាពលរដ្ឋចង់ធ្វើបុណ្យ គឺទៅធ្វើនៅវត្ត ព្រោះវត្តមានច្រើនណាស់ ។ ចំណែកអ្នកជប់លៀង គឺទៅហាងទៅ ព្រោះគាត់មានលុយទិញស្រាថ្លៃៗ រឿងអីអត់លទ្ធភាពជួលហាង ព្រោះអ្នកផ្លូវជាតិលេខ៦ ដែលមានផ្ទះជាប់នឹងផ្លូវនោះ មិនមែនអ្នកក្រទេ សុទ្ធតែមានលទ្ធភាព មានជីវភាពធូរធាហើយ ដែលអាចធ្វើការងារនេះបាន ហើយបើយើងមើលទៅ គឺមហាជនគាំទ្រសម្បើមណាស់ អារឿងនេះ៩០ភាគរយឯណោះគាំទ្រ ណាមួយដើម្បីអោយ ប្រជាពលរដ្ឋយើងចូលរួមកែទម្លាប់ ដើម្បីសង្គមមួយថ្លៃថ្នូរ។

ឆ្លើយនឹងសំណួរដែលសួរថា តើការអនុវត្តនេះអនុវត្តទាំងអស់គ្នា ឬក៏អនុវត្តតែអ្នកតូចតាច ឬសម្រាប់អ្នកក្រីក្រទេ? ។ លោក ឃ្លាំង ហួត បានបញ្ជាក់ថា គឺអនុវត្តទាំងអស់ គ្នាគ្មានអ្នកតូច ឬអ្នកធំគ្មានអ្នកមាន ឬអ្នកក្រនោះទេ ពិសេសអ្នកមាន និងអ្នកធំហ្នឹង ត្រូវគោរពច្បាប់ជាងអ្នកក្រផង ហើយលោកជឿថា ស្រួលនិយាយច្រើនជាងអ្នកក្រផង ពោលគឺស្មើភាពគ្នា ។

ករណីហាមឃាត់មិនអោយ សង់រោងការរោងបុណ្យ និងរោងពិធីផ្សេងៗលើទ្រូងផ្លូវនេះ នៅភ្នំពេញទាំងមូលសាលារាជធានី នៅមិនទាន់មានចំណាត់ការនៅឡើយទេ ដោយគេសង្កេតឃើញ រោងការរោងបុណ្យ និងរោងពិធីផ្សេងៗសង់ពេញៗ ផ្លូវបណ្តាលឱ្យមានការកកស្ទះចរាចររាល់ថ្ងៃ ពិសេសនៅរដូវប្រាំងនេះ សំបូរណាស់រហូតដល់អ្នកខ្លះសង់បិទផ្លូវ ទាំងស្រុងទៀតផង ដែលជាដើមហេតុធ្វើអោយ មានការកកស្ទះចរាចរយ៉ាងខ្លាំង ធ្វើអោយអ្នកដំណើរនាំគ្នារអ៊ូរទាំរាល់ថ្ងៃ ។

ពាក់ព័ន្ធចំណាត់ការនេះ លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អ្នកកាសែតថាថ្មីៗនេះ មិនមានចេញសេចក្តីជូនដំណឹង ជាលាយលក្ខអក្សរបែបនេះទេ តែពីមុនធ្លាប់ធ្វើសេចក្តីណែនាំ ឱ្យលោកចៅសង្កាត់ ខណ្ឌមើលលើបញ្ហានេះដែរ ដោយមិនឱ្យសាងសង់បិទផ្លូវ ទាំងស្រុងនោះទេ ។

ប្រជាពលរដ្ឋទូទៅក៏បានសម្តែង ការអបអរសាទរយ៉ាងខ្លាំង អំពីចំណាត់ការមុនគេរបស់លោក អភិបាលខណ្ឌជ្រោយចង្វាររូបនេះ ហើយគាត់បានគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការនេះ ហើយសង្ឃឹមថាខណ្ឌផ្សេងៗ នឹងចាប់ផ្ដើមអនុវត្តដូចគ្នា ជាពិសេសផ្លូវធំៗដែលមាន ការធ្វើចរាចរមមាញឹក និងភ្ញៀវជាតិ អន្តរជាតិ ធ្វើដំណើរញឹកញាប់តែម្ដង៕