(ភ្នំពេញ)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានប្រាប់ទៅមន្រ្តីរបស់ខ្លួន ដែលទើបចូលកាន់តំណែងថ្មី ឲ្យខិតខំប្រឹង ប្រែងបម្រើការងារ និងរក្សាទំនាក់ទំនងល្អជាមួយមន្រ្តីថ្នាក់ក្រោមរបស់ខ្លួន។

ការថ្លែងរបស់លោក ម៉ៅ ធនិន បានធ្វើឡើងនៅក្នុងឱកាសចូលរួមប្រកាសការចូលកាន់តំណែងជាអភិបាលរងស្រុកកណ្តៀង  របស់លោក អ៊ុង រដ្ឋា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។

លោក ម៉ៅ ធនិន បានថ្លែងថា ការតែងតាំង លោក អ៊ុង រដ្ឋា ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងស្រុកកណ្តៀង គឺជាការគិតគូរ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ តែងតែមានការផ្លាស់ប្តូរជាធម្មតា តាមសភាពការជាក់ស្តែងនៅក្នុងតំបន់។

លោ ម៉ៅ ធនិន បានផ្តាំផ្ញើ លោក អ៊ុង រដ្ឋា ដែលទទួលបានមុខងារថ្មី ត្រូវអនុវត្ត និង ចែករំលែកការងារ ទៅថ្នាក់ក្រោម របស់ខ្លួន  មានកិច្ចសហការល្អជាមួយថ្នាក់ក្រោម ជៀសវាងការច្រណែន ឈ្នានីស ប្រកាន់បក្ខពួក ដែលនាំឲ្យការងារមិនរលូន។

លោក បានថ្លែងយ៉ាងដូចនេះ «យើងធ្វើជាម៉ែឪគេ ត្រូវធ្វើយ៉ាងណាឲ្យកូនចៅ គោរពស្រឡាញ់ ចូលចិត្ត ធ្វើតែអំពើល្អ នឹងម៉ឹងម៉ាត់ ចំពោះការងាររដ្ឋបាលរបស់ខ្លួន ដែលគ្រប់គ្រង ពិសេសបង្ក្រាបឲ្យខានតែបានល្បែងស៊ីសង និង ក្មេងទំនើង»។

លោក អ៊ុង រដ្ឋា បានប្តេជ្ញាចិត្តខិតខំអនុវត្ត និងបំពេញការងារឲ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឲ្យទាំងការ គោរពច្បាប់ លិខិតបទដ្ឋាននានា ការងារគ្រប់គ្រងរដ្ឋបាលស្រុក ការងារអភិវឌ្ឍន៍ ជំរុញកាងារអនុវត្តគោលនយោបាយ ភូមិឃុំ  មានសុវត្ថិភាព បង្ការបង្រ្កាបបទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធិភាព ដើម្បីជាសេនាធិកា រដ៏រឹងមាំ ឲ្យគណៈបញ្ជាការឯកភាពខេត្ត  និង ផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ៕