(បាត់ដំបង)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាបញ្ហាសំខាន់ដែលត្រូវរួមគ្នា ជួយដោះស្រាយពិសេស នៅក្នុងស្ថានភាពដែលកំពុងរងផលប៉ះពាល់នៃ ការរីករាលដាលនៃជំងឺកូវីដ១៩។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងឱកាសអញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ «កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩» នៅខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

លោកទេសាភិបាល បានឲ្យដឹងថា ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុកអតិថិជនខណៈ កំពុងប្រឈមនឹងការរីករាលដាលរបស់វីរុសកូវីដ១៩ ធនាគារជាតិនៃកម្ពុជាចំបាច់បន្តដាក់ចេញ នូវវិធានការនានា សម្រាប់ជួយដល់វិស័យនេះដើម្បីដោះស្រាយ ព្រមទាំងសម្រាលបន្ទុកអតិថិជនខ្ចីប្រាក់ ជាពិសេសនៅអំឡុងនៃការរីករាលនៃជំងឺកូវីដ១៩។

លោកបានបន្ដថា កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញវិធានការមួយចំនួន ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចជា ការកំណត់អត្រាការប្រាក់ឥណទាន និងវិធីសាស្រ្តគណនាអត្រាការប្រាក់, ការរៀបចំឥណទានឡើងវិញ ក្នុងអំឡុងពេលនៃការប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩, ការស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និងការលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជន។

លោកថា ជាមួយនេះក៏មានការបង្កើតប្រព័ន្ធទូរស័ព្ទ សម្រាប់ឲ្យសាធារណជនទំនាក់ទំនង នៅពេលមានបញ្ហា ឬមានចម្ងល់ពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងការអនុវត្តយុទ្ធនាការ លើក កម្ពស់ចំណេះដឹងហិរញ្ញវត្ថុ នេះផងដែរ។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ជាមន្ត្រីជំនាញលើវិស័យនេះបញ្ជាក់ថា បច្ចុប្បន្នវិស័យធនាគារ និងហិរញ្ញវត្ថុមានស្ថានភាពប្រក្រតី ក្រោយពេលដែលធនាគារ ជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការបន្តបន្ទាប់ ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុកអតិថិជន ពីផលប៉ះពាល់នៃការរីករាលដាលរបស់វីរុសកូវីដ១៩។

លោក រ័ត្ន សុវណ្ណនរៈ បន្ដថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ មានចំនួន៧៦, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន៦, គ្រឹះស្ថានឥណទានជនបទ មានចំនួន២៤៦ និងមានបណ្តាញប្រតិបត្តិការចំនួន១,៤៤៨ សាខា នៅទូទាំងផ្ទៃប្រទេស។ ក្នុងនោះទំហំទ្រព្យសកម្មសរុបមានប្រមាណ ៣៦ទ្រីលានរៀល (ស្មើនឹង៩ប៊ីលានដុល្លារអាមេរិក) ក្នុងនោះ ប្រាក់កម្ចីសរុបមានប្រមាណ៣០ទ្រីលានរៀល (ស្មើនឹង៧ ប៊ីលានដុល្លារអាមេរិក) ត្រូវបានផ្តល់ដល់អតិថិជនខ្ចីប្រាក់ចំនួនជាង ២,១លាននាក់ និងអតិថិជនដាក់ប្រាក់បញ្ញើមានចំនួនជាង២.៨ លាននាក់ ក្នុងទំហំប្រាក់បញ្ញើសរុបប្រមាណ១៥ ទ្រីលានរៀល (ស្មើនឹង ៣,៧ ប៊ីលានដុល្លារអាមេរិក)។

លោកបានបញ្ជាក់ថា ក៏បានស្នើសុំដល់អាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមសហការក្នុងការអនុវត្ត និងចាត់វិធានការផ្លូវច្បាប់នានាបន្តទៀត ចំពោះជនឆ្លៀតឱកាសមួយចំនួន ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបំពុលបរិយាកាសសង្គម ដើម្បីចំណេញប្រយោជន៍ផ្ទាល់ខ្លួន ពិសសក្នុងស្ថានភាពកំពុងរងផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ១៩។

លោក រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា បើអតិថិជន ឬអ្នកប្រើប្រាស់ប្រាក់កម្ចីតាមរយៈគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានច្បាប់នោះ គឺទទួលបានការគាំពារស្ថាបនា តាមភាពជាក់ស្ដែង។ ផ្ទុយមកវិញចំពោះអ្នកខ្ចីប្រាក់ក្រៅច្បាប់ ដែលធ្វើកិច្ចសន្យាខ្ចីរវាងបុគ្គល និងបុគ្គលនឹងជួបបញ្ហាប្រឈមច្រើនជៀសមិនផុតនោះឡើយ។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ជាការឆ្លើយតបនឹង បញ្ហានេះសមាជិក របស់សមាគមទាំង១០៣គ្រឹះស្ថាន បានបង្ហាញការប្តេជ្ញាចិត្តដោះស្រាយបញ្ហា ជាមួយអតិថិជនរបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ។

លោកបានបន្ថែមថា ជាក់ស្ដែងគិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជា សមាជិករបស់សមាគម បន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឲ្យប្រជាជនកម្ពុជាចំនួនជាង២.១លាននាក់ និងមានឥណទានសរុបជាង៣០ទ្រីលានរៀល (៧,៤ ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានចំនួនជាង២,៨លាននាក់ និងមានប្រាក់បញ្ញើសរុបជាង១៥ ទ្រីលានរៀល (៣.៧ ប៊ីលានដុល្លា) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យតំណាង នៅទូទាំង២៥រាជធានី-ខេត្ត ៕