(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានព្រមានថា ក្រសួងនឹងចាត់ការតាមនីតិវិធីទៅលើក្រុមហ៊ុនវៀតណាមមួយមានឈ្មោះ «Houng Giang Consltancy Investment and Joint Stock Company» ដែលបានទទួលសិទ្ធិលើការកែលម្អផ្លូវជនបទជំហានទី២ នៅខេត្តកំពង់ស្ពឺប្រវែងរាប់រយគីឡូម៉ែត្រ ប៉ុន្តែក្រុមហ៊ុនមួយនេះបានជំពាក់ប្រាក់ម្ចាស់គ្រឿងចក្រជាច្រើននាក់ ខ្ទង់ម៉ឺនដុល្លារ។
ក្រុមហ៊ុនវៀតណាម «Houng Giang Consltancy Investment and Joint Stock Company» ដែលមានលោក TRUONG NGOVC NGUYEN ជាប្រធានក្រុមហ៊ុន បានទទួលគម្រោងពីក្រសួង អភិវឌ្ឍន៍ជនបទ និងបានមកជួលគ្រឿងចក្រ រថយន្តដឹកដីជាច្រើនគ្រឿងរបស់អ្នករកស៊ីធ្វើផ្លូវនៅក្នុងខេត្ត ប៉ុន្តែចាប់តាំងពីចុងឆ្នាំ២០១៩ ក្រុមហ៊ុនមិនបានទូទាត់ប្រាក់ជូនពួកគាត់នោះទេ ដោយគិតជា ទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។
ក្រោយក្រុមហ៊ុនជំពាក់ប្រាក់បែបនេះ ម្ចាស់គ្រឿងចក្រ និងរថយន្តដឹកដីបានខិតខំស្វែងរកអន្តរាគមន៍ពីក្រសួង និងមន្រ្តីពាក់ព័ន្ធ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅតែមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ រហូតចង់ធ្វើការតវ៉ាជាលក្ខណៈប្រមូលផ្តុំទៀតផង ដោយសារតែពួកគេត្រូវជំពាក់ធនាគារ ដែលបានខ្ចីមកទិញគ្រឿងចក្រ និងរថយន្តដើម្បី មកជួលឲ្យក្រុមហ៊ុនមួយនេះ។
ពាក់ព័ន្ធនឹងករណីនេះ ម្ចាស់គ្រឿងចក្រ និងរថយន្ត បានលើកឡើងថា ពួកគាត់បានយកលិខិតសុំអន្តរាគមន៍ទៅជូនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងលោក ចាន់ ដារ៉ុង ប៉ុន្តែត្រូវបានមន្ត្រីមិនឲ្យចូលជួប។
ប៉ុន្តែថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ លោក ចាន់ ដារ៉ុង បានចេញសេចក្តីបំភ្លឺដូចខាងក្រោម៖
*ទី១៖ ចំពោះការដាក់លិខិតស្នើសុំអន្តរាគមន៍នេះ គឺលោកមិនបានដឹងជាមុននោះទេ ទើបតែទទួលបានរបាយការណ៍ពីមន្ត្រីរបស់លោកនៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ នៅក្នុងសេចក្តី រាយការណ៍បានបញ្ជាក់ថា មន្រ្តីរូបនោះបានជម្រាបជូនទៅអ្នកកាន់លិខិតស្នើសុំអន្តរាគមន៍នោះ ឲ្យយកឯកសារទៅប្រគល់ជូនក្រុមទីប្រឹក្សាបច្ចេកទេសបរទេស ដែលមានភារកិច្ច ត្រួតពិនិត្យការអនុវត្តគម្រោងជាមុន ដើម្បីធ្វើការត្រួតពិនិត្យ និងសិក្សាលម្អិតលើចំណុចពាក់ព័ន្ធនីមួយៗ ពីព្រោះក្រុមទីប្រឹក្សាបច្ចេកទេសធ្វើការជិតស្និទ្ធជាមួយក្រុមហ៊ុនសាងសង់ ដើម្បីធ្វើរបាយការណ៍ជូនមកនាយកគម្រោងពិនិត្យ និងមានវិធានការបន្ត។ មន្រ្តីនោះ បានផ្តល់លេខទូរស័ព្ធសម្រាប់ទំនាក់ទំនងជាមួយក្រុមទីប្រឹក្សាបច្ចេកទេសផងដែរដល់អ្នកកាន់លិខិតនោះ។
*ទី២៖ ចំពោះកិច្ចសន្យានានា នៃការជួលគ្រឿងចក្រ ឬឡានដឹកដីដែលក្រុមហ៊ុនរបស់វៀតណាមបានជួលនោះ គឺអង្គភាពគ្រប់គ្រងគម្រោងពុំដែលទទួលបានព័ត៌មាននេះពីមុនមកទេ។
*ទី៣៖ នៅក្នុងការអនុវត្តគម្រោងនេះ គឺក្រុមហ៊ុនសាងសង់បានតម្កល់នៅប័ណ្ណធានាសម្រាប់ការអនុវត្តកិច្ចសន្យាដែលមានចំនួន ១០% នៃតម្លៃកិច្ចសន្យាទាំងមូល។
*ទី៤៖ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកសូមស្វាគមន៍ និងទទួលយកនូវលិខិតស្នើសុំអន្តរាគមន៍នេះ ដើម្បីយកមកពិនិត្យ និងពិភាក្សាជាមួយក្រុមទីប្រឹក្សាបច្ចេកទេសត្រួតពិនិត្យការអនុវត្តគម្រោង នឹងមានវិធានការបន្តទៀតជាមួយក្រុមហ៊ុនទទួលការ។
*ទី៤៖ បច្ចុប្បន្ននេះដោយសារស្ថានភាពនៃជំងឺកូវីដ១៩ គឺពុំមានតំណាងក្រុមហ៊ុនវៀតណាមនៅក្នុងប្រទេសកម្ពុជានោះទេ អង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បាន និងកំពុងតែធ្វើកិច្ចការជាមួយនឹងតំណាងក្រុមហ៊ុននៅប្រទេសវៀតណាម ដើម្បីឲ្យមានការចាប់ផ្តើម និងដោះស្រាយនូវបញ្ហាមួយចំនួនទៀត។ ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តន៍ទៅតាមកិច្ចសន្យា និងដោះស្រាយបញ្ហាផ្សេងៗទៀតនោះទេ ក្រសួងនឹងមានវិធានការតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចសន្យា។
យ៉ាងណាក៏ដោយ អ្នករងគ្រោះដោយសារក្រុមហ៊ុនវៀតណាមមួយនេះ នៅតែទទូចឲ្យរដ្ឋមន្រ្តីក្រសួង មេត្តាជួយអន្តរាគមន៍ និងរកដំណោះស្រាយជូន ដោយសារម្នាក់ៗជំពាក់ធនាគារច្រើននាក់ គ្មានលទ្ធផលបង់សងនោះទេ។ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃនេះ មិនទាន់អាចស្វែងរកការបកស្រាយពីក្រុមហ៊ុនវៀតណាមនេះនៅឡើយទេ៕