(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញវិធានការសំខាន់ៗចំនួន៤ ដោយបង្កើនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារ និងជំរុញកំណើនក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ស្តីពី កិច្ចអន្តរាគមន៍ជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះបានបញ្ជាក់ ពីការបងើ្កនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារ និង ជំរុញកំណើនក្រោយវិបត្តិនៃជំងឺកូវីដ-១៩មានដូចជា៖
១៖ វិធានការបងើ្កន និង សម្រួលរំហូរសាច់ប្រាក់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបន្ធូរបន្ថយ និង កែសម្រួលនូវលក្ខខណ្ឌមួយចំនួន ដើម្បីបង្កើន និង សម្រួលរំហូរសាច់ប្រាក់នៅក្នុងប្រព័ន្ធធនាគារថែមទៀត។
២៖ ការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់អ្នកផ្តល់កម្ចីក្នុងស្រុក និង ក្រៅស្រុក (Withholding Tax)
* សម្រាប់កម្ចីថ្មី៖
- ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, មកនៅត្រឹម ៥% (ទាំងការខ្ចីពីប្រទេសដែលមានកិច្ចព្រមព្រៀង ស្តីពីការ លុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ (DTA) និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២០។
- ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២១។
- កែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ ២០២២ ។
* សម្រាប់កម្ចីចាស់៖
- ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២០។
- កែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ ២០២១ ។
៣៖ ប្រភពហិរញ្ញប្បទានសម្រាប់ទុនបង្វិល (Working Capital)
- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងរៀបចំបង្កើត «មូលនិធិធានាឥណទាន» (Credit Guaran-tee Fund) ជាមួយថវិកា ២០០ លានដុល្លារអាមេរិក ។ មូលនិធិនេះ អាចធានាឥណទានកម្ចី តាមរយៈធនាគារ និង មីក្រូហិរញ្ញវត្ថុ ដោយប្រើគោលការណ៍ទីផ្សារ ដើម្បីជួយសម្រាលសម្ពាធ រំហូរសាច់ប្រាក់ និង ទុនបង្វិលរបស់អាជីវកម្ម-ធុរកិច្ចក្នុងគ្រប់វិស័យ បានយ៉ាងតិចចំនួន ២០០០លានដុលា្លរអាមេរិក ។
៤៖ ការត្រៀមឧបករណ៍ផ្តល់ហិរញ្ញប្បទាន (Financing Facility) បន្ថែម
- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងត្រៀមថវិកាសម្រាប់ហិរញ្ញប្បទានបន្ថែមចំនួន ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រ និង ដើរតួជាកាតាលីករជំរុញកំណើនតាមវិស័យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិ និងក្រោយពេលវិបត្តិ៕