(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណលោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃសហព័ន្ធស្វីសប្រចាំកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេច។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភានេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខរបស់លោកជំទាវមកដល់ខ្ញុំ និងក្រុមគ្រួសារ ចំពោះអនិច្ចកម្មរបស់ម្ដាយក្មេកខ្ញុំ នាពេលថ្មីៗនេះ។ ខ្ញុំសូមអរគុណជាអនេក ចំពោះទឹកចិត្តអាណិតអាសូរ និងការរំលែកទុក្ខរបស់លោកជំទាវផ្ទាល់ និងរដ្ឋាភិបាលស្វីសចំពោះរូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងពេលវេលាដ៏លំបាកនេះ។ សូម លោកជំទាវ ទទួលនូវអំណរគុណដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរលោកជំទាវ មានសុខភាពល្អ និងជោគជ័យក្នុងការបំពេញការងារដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវ»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕