(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ និងសាលាខេត្តព្រះវិហារ​នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន រួមមួយ បញ្ជាក់ឲ្យសាធារណៈជនដឹងកាន់តែច្បាស់អំពីដំណើរការនៃការដោះស្រាយ ផលប៉ះពាល់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវផ្លាស់ប្តូរទីលំនៅ ពីតំបន់អភិរក្សប្រាសាទព្រះវិហារ​ មកតាំងទីលំនៅថ្មី នៅភូមិធម្មជាតិសម្តេចតេជោ។

សេចក្តីប្រកាសព័ត៌មានរួមបានឲ្យដឹងថា ក្រុមការងារពិសេសដែលត្រូវបានបង្កើតឡើង ដែលមានស្ថាប័នក្រសួងពាក់ព័ន្ធចូលរួមគ្រប់ លំដាប់ថ្នាក់ដោយបាន ធ្វើការផ្តល់នូវរបបគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនបងប្អូនប្រជាពលរដ្ឋចំនួន១០៤៥គ្រួសារដោយក្នុង មួយគ្រួសារ ទទួលបានថវិកា ២លានរៀល ឈើសម្រាប់សង់ផ្ទះ ចំនួន៧,៥២ម៉ែត្រត្រីគុណ ដីឡូតិ៍សម្រាប់សង់ផ្ទះ ៥០ម៉ែត្រគុណ ១០០ម៉ែត្រ ស័ង្កសីចំនួន៥០សន្លឹក និងដីសម្រាប់បង្កបង្កើនផល២ហិកតា ហើយបានផ្តល់ដីឡូតិ៍សម្រាប់អភិវឌ្ឍន៍គ្រួសារកងទ័ព​ ចំនួន២ពាន់គ្រួសារផងដែរ​។

ប្រភពព័ត៌មានដដែរ បានបញ្ជាក់ទៀតថា មេក្លោង៣គ្រួសាររួមមាន គ្រួសារលោក ផាន់ ធឿន លោក កាន់ ងឹម លោក គិន ចន្ថា ត្រូវបានផ្តល់នូវរបបគោលនយោបាយរួចហើយ ប៉ុន្តែពួកគេនៅតែបន្តដឹកនាំអូសទាញ ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ តវ៉ាជាប្រចាំ។ ដូច្នេះក្នុងករណីអ្នកទាំង៣ នៅតែបន្តដឹកនាំអូសទាញប្រជាពលរដ្ឋតវ៉ាតទៅទៀត អាជ្ញាធរមានសមត្ថកិច្ច និងចាត់វិធានការណ៍ តាមច្បាប់ ជាធរមាន ក្នុងបំណងដើម្បីពង្រឹងគោលនយោបាយ អភិរក្សអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ៕