(សៀមរាប)៖ នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែលបានជួលទីតាំង ប្រកបរបរជិត៣ឆ្នាំមកហើយបានលើកឡើងថា ការរុះរើសំណង់ភោជនីយដ្ឋាននេះ គឺជាការស្ម័គ្រចិត្តដោយមានការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរជាតិអប្សរា ដើម្បីផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីដែលល្អប្រសើរជាងមុន ហើយគាត់សប្បាយចិត្តនឹងការចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត និងអភិវឌ្ឍន៍តាមតម្រូវការទេសចរណ៍ ដើម្បីបម្រើជាសាធារណៈ និងជាឱកាសផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក ដែលនាំមកនូវផលចំណេញវិជ្ជមានមិនចេះរីងស្ងួតទៅអនាគត។
អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងថា មកដល់ពេលនេះមានសំណង់ភោជនីយដ្ឋានចំនួនប្រាំខ្នងហើយដែលបានរុះរើដោយស្ម័គ្រចិត្ត គឺភោជនីយដ្ឋាន chez sophea ៣ខ្នង និងផ្ទះបាយតានីខ្មែរ២ខ្នង។
លោកក៏បានថ្លែងអំណរគុណចំពោះលោក ជ្រុន គឹមសេង ដែលបានស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ជាលើកទី២ ដើម្បីកែប្រែបរិវេណមុខប្រាសាទអង្គរវត្តផ្នែកខាងលិចឱ្យមានព្រៃឈើ សួនច្បារ កន្លែងលំហែកាយ កន្លែងផ្តល់សេវាកម្ម និងជាកន្លែងបដិសណ្ឋារកិច្ចប្រកបដោយស្តង់ដារអន្តរជាតិប្រកបដោយគុណភាព។
នៅចុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការសាងសង់អគារ និងរៀបចំហេដ្ឋារចនាសម្ពន្ធមួយផ្នែកសម្រាប់ឱ្យអាជីវករលក់ដូរដែលផ្លាស់ប្តូរពីទីតាំងមុខប្រាសាទអង្គរវត្ត ឱ្យចូលមកទីតាំងថ្មីដោយឥតបង់ថ្លៃ។ ដំណាក់កាលបន្ទាប់ អាជ្ញាធរជាតិអប្សរានឹងស្វែងរកដំណោះស្រាយល្អៗដល់អាជីវករ អនុវត្តគម្រោងរុះរើសំណង់គ្មានសណ្តាប់ធ្នាប់ផ្សេងៗ ហើយអគារថ្មីដែលកំពុងសាងសង់នឹងរួចរាល់ទាំងស្រុងនាចុងឆ្នាំ២០២០នេះ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនខ្មែរនិងប្រទេសជាតិទាំងមូល៕