(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន ពីបទឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់ ធ្វើសកម្មភាពនៅ វេលាម៉ោង១០យប់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅក្នុងចំណុចបរិវេនកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។ 

លោកឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ មេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹង ថា ជនសង្ស័យទាំង២នោះ១/ឈ្មោះ សុក តួ អាយុ១៩ឆ្នាំ រស់នៅមិនពិតប្រាកដក្នុង ក្រុងប៉ោយប៉ែត ២/ឈ្មោះ ពៅ សម្បត្តិ អាយុ១៨ឆ្នាំ រស់នៅបណ្តោះអាសន្ន ក្នុងភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះឈ្មោះ ឈុន ស៊ាងឡេង អាយុ២២ឆ្នាំ រស់នៅ ក្នុងភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត កំពុងនិយាយទូរស័ព្ទដៃម៉ាកសាំសុងG២ ពណ៌ ស ជាមួយសង្សារបស់ខ្លួន នៅក្នុងចំណុចកើតហេតុខាងលើ ស្រាប់តែពេលនោះ ជនសង្ស័យទាំង២ បានធ្វើសកម្មភាពឆក់ពីស្ត្រីរងគ្រោះរួចរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលបានទទួលពាក្យបណ្តឹងហើយ សមត្ថក៏កិច្ចបានចុះធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ នៅម៉ោង៩ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ក្នុងចំណុចក្រុងប៉ោយប៉ែត ហើយបានបញ្ជូនខ្លួនមកទីបញ្ជាការខេត្ត ដើម្បីធ្វើការសាកសួរ។ ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាខ្លួនដាច់យ៉ៃពេករកលុយចូលខារ៉ាអូខេមិនបានទើបដាច់ចិត្តឆក់ទូរស័ព្ទគេយ៉ាងដូច្នេះ។ជនសង្ស័យទាំង២នាក់ត្រូវកំលាំងជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕