(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា ព្រះអង្គមិនគាំទ្រទៅនឹងសេចក្តីសម្រេច របស់ គ.ជ.ប នៅក្នុងការជ្រើសរើស លោក ទេព នីថា ឱ្យធ្វើជាអគ្គលេខាធិការកាលពីម្សិលមិញនោះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីពិធីប្រគល់ត្រា និងប្រកាសសុពលភាព ក្បាលម៉ាស៊ីន ថ្នាក់ដឹកនាំគណបក្ស នៅបណ្តាលរាជធានី-ខេត្ត មកពីទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៦ ខែមករានេះ សម្តេចក្រុមព្រះ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «ខ្ញុំបានបញ្ចេញមតិរួចហើយថា បើសិនជាយើងខ្ញុំវិញ ខ្ញុំនឹងរើស គ.ជ.បមួយ ដែលអព្យាក្រឹត្យពិតប្រាកដ ហើយក្នុងនោះ​ត្រូវមាន​តំណាងអង្គការក្រៅរដ្ឋាភិបាល ជាសមាជិកផង ប៉ុន្តែឱ្យខ្ញុំគាំទ្រខ្ញុំមិនអាចគាំទ្រជាដាច់ខាត»។ សម្តេចក្រុមព្រះមានបន្ទូលបន្តថា «មិនមែនត្រឹមតែការ​តែងតាំង​អគ្គលេខាធិការ ពីម្សិលមិញហ្នឹងទេ ក៏ប៉ុន្តែជាទូទៅ គ.ជ.បនេះ ខ្ញុំពុំអាចគាំទ្របាន»

សូមបញ្ឌាក់ថា កាលពីម្សិលមិញ គ.ជ.ប បានសម្រេចជ្រើសរើស លោក ទេព នីថា ឱ្យបន្តគ្រងតំណែងអគ្គលេខាធិការគ.ជ.បបន្តទៅទៀត ។ ក្រៅពីនោះគ.ជ.បក៏ជ្រើសរើស លោក ម៉ៅ សុភារិទ្ធ, លោក សោម សូរីដា,  លោក នី ចរិយា និង លោក ម៉ុក ដារ៉ា ជាអគ្គលេខាធិការរងផងដែរ។ ក្រោយការសម្រេចនេះ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្ត ចំពោះការសម្រេចរបស់ គ.ជ.ប ។

កាលពីម្សិលមិញ ក្រោយការប្រកាសលទ្ធផលនៃការជ្រើសរើសអគ្គលេខាធិការថ្មីនេះ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងថា ការជ្រើសរើសតំណែងអគ្គលេខាធិការថ្មី ឬ ចាស់មិនមែនជា  រឿងសំខាន់ឡើយ តែបញ្ហាសំខាន់ត្រូវមានសមត្ថភាពលើប្រព័ន្ធការងារបោះឆ្នោត ជួយឲ្យការងារបោះឆ្នោតអាចប្រព្រឹត្តទៅបានទាន់ពេលវេលា និងប្រកបដោយយុត្តិធម៌៕