(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីវិធានការគ្រប់គ្រងឈូសឆាយការប្រមូល និងការកែច្នៃផល អនុផលព្រៃឈើ នៅតាមទីតាំងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦, ដោយក្នុងនោះបានព្រមានថា ក្រុមហ៊ុនទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់បទល្មើសធនធានធម្មជាតិ ដែលកើតឡើងនៅក្នុងទីតាំងវិនិយោគរបស់ខ្លួន។

នៅក្នុងសេចក្តីជូនដំណឹងដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា៖ ​«បណ្តាគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានសេដ្ឋកិច្ច ដែលស្ថិតនៅតំបន់ចីរភាព នៃតំបន់ការពារធម្មជាតិ អំពីវិធានការគ្រប់គ្រង ការឈូសឆាយ ការប្រមូល និងការកែច្នៃផល អនុផលព្រៃឈើ នៅតាមទីតាំងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ដែលមាន៣ចំណុចធំៗ, ដោយក្នុងនោះក្រុមហ៊ុនទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់បទល្មើសធនធានធម្មជាតិ ដែលកើតឡើងនៅក្នុងទីតាំងវិនិយោគរបស់ខ្លួន»។ (សូមអានសេចក្តីជូនដំណឹង) 

ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងបន្តតាមដាន និងពិនិត្យយ៉ាងហ្មត់ចត់នូវ ការអនុវត្តគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងអស់ ជាពិសេសគឺការឈូសឆាយ ការប្រមូល និងការកៃច្នៃផល អនុផលព្រៃឈើ ហើយក្រសួង នឹង​ចាត់វិធានការតាមនីតិវិធីច្បាប់យ៉ាងតឹងរឹតបំផុត ប្រសិនបើក្រុមហ៊ុនណាមួយត្រូវបានរកឃើញថា បានប្រព្រឹត្ត ឬជាប់ពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

ក្រសួងបរិស្ថានសង្ឃឹមថា ក្រុមហ៊ុនទាំងអស់ នឹងសហការអនុវត្តសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវទាំងអស់គ្នា៕

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ដើម្បីទទួលបានព័ត៌មានលំអិត៖