(កំពង់ឆ្នាំង)៖ ការដាំដំណាំកសិកម្មរបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតែបានប្រែក្លាយជីវភាពរបស់ពួកគាត់ដោយទទួលបានប្រាក់ចំណូលពីមធ្យមទៅច្រើន តាមរយៈការច្នៃប្រឌិតផ្នែកដំណាំកសិកម្ម រួមផ្សំនិងកត្តាភូមិសាស្រ្តដី ដែលមានសក្តានុពលផងនោះ ធ្វើឲ្យផលដំណាំរបស់ពួកគាត់ទទួលបានភោគផលខ្ពស់។
ជាក់ស្តែងចំការក្រូចឆ្មាររបស់ប្រជាកសិករមួយកន្លែង ដែលមានជាង ៥០០ដើមដាំលើផ្ទៃដីជាង ២ហិកតា ស្ថិតក្នុងភូមិត្រាំឃ្លោក ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងទទួលបានផលល្អ ដែលកសិករបេះយកទៅផ្គត់ផ្គង់នៅទីផ្សារជារាងរាល់សប្តាហ៍ ដោយទទួលបានតម្លៃទីផ្សារសមរម្យ ដែលកសិករអាចទទួលយកបានផងដែរ។
លោក ភោគ ហៀង អាយុ៦៣ឆ្នាំ ជាកសិកររស់នៅក្នុងភូមិត្រាំឃ្លោក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា សព្វថ្ងៃលោកមានដីចំនួន ៦ហិកតា សល់ពីដាំដំណាំផ្សេងៗ លោកក៏បានដាំដំណាំក្រូចឆ្មារនេះនៅលើផ្ទៃដីជិត ៣ហិកតា ដែលមានដើមក្រូចឆ្មារសរុបប្រមាណជិត ៦០០ដើម ហើយដើមក្រូចឆ្មារនេះផងដែរ គាត់ដាំរយៈពេលជាង ៣ឆ្នាំមកហើយ និងបានទួលផល២ឆ្នាំជាប់គ្នាមកហើយដែរ។
លោកបានបន្តឲ្យដឹងទៀតថា ដើមក្រូចឆ្មាររបស់គាត់គឺការផ្សាំមែកយកមកដាំ ដោយពុំបានបណ្ដុះកូនយកមកដាំនោះឡើយ ឯការលូតលាស់របស់វាគឺឆាប់រហ័ស និងឆាប់បានទទួលផល ដោយមិនពិបាកក្នុងការថែទាំនោះឡើយ តែត្រូវការទឹកឲ្យបានគ្រប់គ្រាន់ និងប្រើតែជីសេរីរាង្គ ទើបមិនមានសត្វល្អិត ឬដង្កូវមកយាយី ហើយដើមរបស់វាក៏មានសុខភាពល្អ និងអាយុវែងផងដែរ។
ផលផ្លែក្រូចឆ្មារដែលលោកបេះយកទៅលក់ក្នុងមួយថ្ងៃមានចំនួនពី១០០ ទៅ១៥០គីឡូក្រាម គឺដឹកយកទៅបោះឲ្យម៉ូយនៅផ្សារព្រៃខ្មែរបានក្នុងមួយគីឡូក្រាមពី ៤៥០០រៀលទៅ ៦០០០រៀល ដោយក្នុងមួយសប្ដាហ៍បេះពី១ដងទៅ២ដង ទៅតាមការកិម្មង់របស់ម៉ូយនៅឯផ្សារ៕