(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានចុះកិច្ចព្រមព្រៀងគម្រោងសាកល្បងស្តីពី ការពង្រឹងប្រសិទ្ធភាពនៃកាត់បន្ថយគ្រោះថ្នាក់គ្រឿងញៀនញៀន និងការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលេីសហគមន៍ ជាមួយអង្គការ «អេដស៍ ឃែរ ឆាយណា» របស់ប្រទេសចិន។
ពិធីចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលោក ថូមាស កៃ ប្រធានអង្គការ អេដស៍ ឃែ ឆាយណា នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឧត្តមសេនីយ៍ទោ លឹម តុងហួត បានឱ្យដឹងថា គោលបំណងនៃកិច្ចព្រមព្រៀង គីធ្វេីឡេីងដេីម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងញៀន ដល់ក្រុមងាយរងគ្រោះ តាមរយៈការចូលរួមពីគ្រប់សមាសភាពសង្គម ដោយចលនាក្នុងសហគមន៍ឱ្យអ្នកញៀនគ្រឿងញៀនស្ម័គ្រចិត្តចូលមកទទួលសេវាព្យាបាលប្រកបដោយគុណភាព និងភាពជឿជាក់។
លោក ថូមាស កៃ បានថ្លែងថា អង្គការ អេដស៍ ឃែរ ឆាយណា បានប្តេជ្ញាគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ក្នុងប្រទេសកម្ពុជា។ ដែលកន្លងមកយេីងធ្លាប់បានអនុវត្តសាកល្បងរួមគ្នា ក្នុងការជំរុញអ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមសហគមន៍សង្កាត់ច្បារអំពៅ១ និងច្បារអំពៅ២។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ដោយផ្តល់ការគាំទ្រដល់សកម្មភាពសម្របសម្រួល ជំរុញ និងលើកទឹកចិត្តអ្នកញៀនគ្រឿងញៀន ឱ្យយកាន់តែមានភាពជឿជាក់ក្នុងការចេញមកទទួលយកសេវាព្យាបាលនៅតាមសហគមន៍ ព្រមទាំងបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ស្របតាមគោលនយោបាយ និងលិខិតបទដ្ឋានគត្តិយុត្តិពាក់ព័ន្ធនឹងអ្នកញៀនគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា កន្លងមក យេីងបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធក៏ដូចជា៖ អង្គការក្នុងស្រុក និងអន្តរជាតិ នឹងលើកកម្ពស់ទស្សនៈវិស័យនៃការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព គោលដៅពង្រឹងការងារសហការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តលើការផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀននៅកម្ពុជា ឱ្យធានាបាននូវភាពស៊ីសង្វាក់រវាងមន្រ្តីអនុវត្តច្បាប់ សហគមន៍ អ្នកផ្តល់សេវា និងអ្នកទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋ ស្ថាប័នដៃគូ។
សូមបញ្ជាក់ថា កន្លងមកនេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ស្ថាប័នអនុវត្តច្បាប់ បានរកឃើញអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនសរុបចំនួន ២០.៥១៩នាក់ ជាសះស្បេីយ បាន៣១១០នាក់។ នៅសល់អ្នកប្រេី និងអ្នកញៀនគ្រឿងញៀន ១៧.៤០៩នាក់ ក្នុងនោះអ្នកមិនទាន់ បានទទួលសេវាព្យាបាល ចំនួន ១០.៥៥២នាក់ និងអ្នកបានទទួលសេវាព្យាបាលចំនួន ៦.៨៥៧នាក់៕