(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ដោយសារមានការចូលរួមចំណែកមួយផ្នែកធំពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ទើបកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់ខ្លួនប្រកបដោយជោគជ័យ ហើយបច្ចុប្បន្នបានឈានដល់ដំណាក់កាលទី៤ និងបានជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបានជាង៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល២១ឆ្នាំ ចុងក្រោយនេះ។
ប្រមុខការទូតកម្ពុជា ថ្លែងបែបនេះ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលលោក និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនជាង ៤១លានដុល្លារអាមេរិក នៅទីស្ដីការក្រសួងការបរទេស។
លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់កញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ថ្មីៗទាំងនេះ បន្ថែមលើជំនួយសប្បុរសធម៌ដែលបានផ្តល់មកប្រទេសកម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក។ ដោយសារមានការចូលរួមចំណែកមួយផ្នែកធំ ពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ទើបកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់ខ្លួនប្រកបដោយជោគជ័យ ហើយបច្ចុប្បន្នបានឈានដល់ដំណាក់កាលទី៤ និងបានជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបានជាង៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល២១ឆ្នាំ ចុងក្រោយនេះ។ យើងខ្ញុំសង្ឃឹមថា កម្ពុជានឹងមានសន្ទុះរឹងមាំ និងងើបឡើងវិញយ៉ាងឆាប់រហ័សពីផលប៉ះពាល់នៃវិបត្ដិជំងឺកូវីដ-១៩»។
លោកប្រមុខការទូត មានសេចក្តីសោមនស្សរីករាយ ដែលបានចុះហត្ថលេខាជាមួយ លោកឯកអគ្គរាជទូត មិកាមិ លើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤.៥០១លានយ៉េន ស្មើនឹងប្រមាណ ៤១,៤ លានដុល្លារអាមេរិក ដែលបានផ្ដល់ដោយរដ្ឋាភិបាលជប៉ុន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៣ ដូចជា៖
* ទឹកប្រាក់ចំនួន ៣៤៨លានយ៉េន ប្រមាណ ៣,២លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍សម្រាប់មន្រ្តីកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យ ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន។
* ទឹកប្រាក់ចំនួន ២.១៥៣លានយ៉េន ប្រមាណ ១៩,៨លានដុល្លារអាមេរិក សម្រាប់ការធ្វើឱ្យប្រសើរឡើងនៃមណ្ឌលសុខភាព សម្ភារវេជ្ជសាស្រ្ត និងសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប។
* ទឹកប្រាក់ចំនួន ២.០០០លានយ៉េន ប្រមាណ ១៨,៤លានដុល្លារអាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។
លោក ប្រាក់ សុខុន បានរំលឹកថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សរុបចំនួន ៣៤.១៣៨លានយ៉េន (ប្រមាណ ៣១០ លានដុល្លារអាមេរិក) សម្រាប់គម្រោង៣ ផងដែរគឺ៖ ១៖ ពង្រីកការផ្គត់ផ្គង់ទឹកនៅក្រុងតាខ្មៅ ២៖ ការបោសសម្អាតមីន និងជំនួយសម្រាប់ជនរងគ្រោះដោយសារគ្រាប់មីន គ៖ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម និងឃ៖ ការធ្វើឲ្យប្រសើរឡើងនៃផ្លូវជាតិលេខ៥។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ខណៈដែលប្រទេសនៅជុំវិញពិភពលោក រួមទាំងជប៉ុនផង កំពុងប្រឈមនឹងការលំបាកខ្លាំង ផ្នែកសេដ្ឋកិច្ចនិងភាពមិនប្រាកដប្រជា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ រដ្ឋាភិបាលជប៉ុននៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។ លោកថ្លែងថា ជំនួយដែលបានចុះហត្ថលេខា នៅថ្ងៃនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាព និងគុណភាពផ្នែកធនធានមនុស្សរបស់យើង ដើម្បីឈានទៅសម្រេចបានពិពិធកម្មសេដ្ឋកិច្ច និងសេចក្តីប្រាថ្នារបស់យើង ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
លោកបានថ្លែងអំណរគុណ លោកឯកអគ្គរាជទូត មិកាមិ និងក្រុមការងាររបស់លោកនៅកម្ពុជា សម្រាប់ការគាំទ្រ និងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសជប៉ុន និងកម្ពុជា។
ក្នុងឱកាសនោះ លោក មិកាមិ បានថ្លែងថា នាពេលបច្ចុប្បន្ននេះពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែង ដែលមិនធ្លាប់មានពីមុននៃជំងឺកូវីដ១៩ ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិ មានសារៈសំខាន់មិនអាចខ្វះបាន។ វីរុសឆ្លងនេះ ក៏ជាការគំរាមកំហែងដល់អាយុជីវិតមនុស្ស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម។
លោកបន្តថា «យើងត្រូវតែទទួលស្គាល់ស្ថានភាពនេះថាជាវិបត្តិសន្តិសុខមនុស្ស។ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ យើងមិនអាចខ្វះបានទេក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីទប់ទល់នឹងជំងឺឆ្លងពីទស្សនវិស័យ រយៈពេលមធ្យមទៅវែង ក៏ដូចជាការចាត់វិធានការដើម្បីការពារអាយុជីវិត និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម។ ជាពិសេស គឺចាំបាច់ ត្រូវមានការឆ្លើយតបដោយផ្អែកលើគំនិត នៃសន្តិសុខមនុស្ស ដោយផ្តោតលើការការពារ និងការផ្តល់សិទ្ធិអំណាចដល់មនុស្សម្នាក់ៗ ដើម្បីយើងអាចធានាបានថា គ្មាននរណាម្នាក់រួមទាំងមនុស្ស ដែលងាយរងគ្រោះបំផុតត្រូវបានទុកចោល»។
បើតាមលោកឯកអគ្គរាជទូត រហូតមកដល់សព្វថ្ងៃនេះ ប្រទេសជប៉ុនបានដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចឱ្យបាននូវការធានារ៉ាប់រងសុខភាពសកល។ ដោយពិចារណាថា ជំងឺកូវីដ១៩ កំពុងប៉ះពាល់ដល់បណ្ដាប្រទេស ដែលប្រព័ន្ធសុខាភិបាលនូវមានភាពទន់ខ្សោយ លោកបានបញ្ជាក់ជាថ្មីម្ដងទៀត ពីសារៈសំខាន់នៃការពង្រឹងប្រព័ន្ធសុខាភិបាល នៅគ្រប់ប្រទេសទាំងអស់ មិនត្រឹមតែវិធានការរោគសញ្ញាប៉ុណ្ណោះទេ។ ការប្តេជ្ញាចិត្តរបស់ជប៉ុន គឺផ្អែកលើគំនិតនេះ និងតម្រូវការរបស់ប្រទេសកម្ពុជា។
លោកបន្ថែមថា «នៅក្នុងសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ សហគមន៍អន្តរជាតិទាំងមូលត្រូវតែធ្វើការរួមគ្នាប្រឆាំងនឹងជំងឺកូវីដ១៩។ ទន្ទឹមនឹង ការកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានការណ៍លំបាកនេះបានយ៉ាងល្អ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងអាចបន្តសហប្រតិបត្តិការ ដើម្បីជម្នះរាល់ឧបសគ្គរួមរបស់យើងនាពេលខាងមុខ។ ខ្ញុំសន្យាថាជប៉ុននឹងបន្តឆ្ពោះទៅមុខ ដោយសហការជាមួយកម្ពុជា»៕