(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់លោកតា ស៊ូមីតា ជាបុរសជនជាតិជប៉ុន ដែលបានជួយសាងសង់ សាលារៀនរាប់ពាន់ខ្នង នៅកម្ពុជានោះ, នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ដែលមានអនុស្សាវរីយ៍ យ៉ាងពិសេសជាមួយលោកតា ស៊ូមីតា បានលះបង់ពេលវេលា និងទ្រព្យធនជួយដល់កម្ពុជា។
លោកតា ស៊ូមីតា បានទទួលមរណភាពនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ដោយរោគាពាធ នៅប្រទេសជប៉ុន។
ខាងក្រោមនេះជាសំណេរដោយផ្ទាល់ទាំងស្រុង របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ៖
លោកតា «ស៊ូមីតា» ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋកម្ពុជាជានិច្ច !
ជនជាតិជប៉ុនចំណាស់ម្នាក់ ដែលខ្ញុំគោរពស្រឡាញ់ ហើយយកជានិមិត្តរូប ក្រោយពីបានភពប្រសព្វជាមួយគាត់មួយរយៈ។ តាមរយៈលោក កៅ ប៊ុនសុង ខ្ញុំបានជួបបងស៊ូមីតា។ អ្វីដែលចាប់អារម្មណ៍ដំបូង គឺទឹកមុខញញឹមស្រស់ស្រាយ រួសរាយ សំដីទន់ភ្លន់ សុភាពរាបសារ សាមញ្ញ កាយវិការប្រកបដោយ សុជីវធម៌ រាប់អានដោយស្មោះ ជាមនុស្សត្រង់ត្រឹមត្រូវ គួរជាទីគោរពរាប់អានទុកចិត្ត។
រាល់ពេលជួបគាត់ ពិតណាស់មិនដែលឃើញគាត់ពិបាកចិត្ត ឬត្អូញត្អែរ ទោះគាត់មានវ័យចំណាស់ ហើយត្រូវធ្វើដំណើរកាត់ភ្លៀង កាត់ខ្យល់ ផ្លូវឆ្ងាយ តាមផ្លូវរដិបរដុបលំបាកយ៉ាងណាក៏ដោយ។
ដោយក្ដីគោរពរូបខ្ញុំធ្លាប់បានសំណេះសំណាលយ៉ាងជិតស្និទ្ធ ពិភាក្សាស្នើសុំបទពិសោធន៍ពីរូបគាត់ ខ្ញុំនៅចាំបាននូវបញ្ហា២ ដែលគាត់បានបរិយាយយ៉ាងក្បោះក្បាយ៖
១៖ ខ្ញុំបានសួរគាត់អំពីបទពិសោធន៍ ដែលជនជាតិជប៉ុនខិតខំរើបំរាស់ កសាងអភិវឌ្ឍន៍ប្រទេស ក្រោយសម័យសង្គ្រាមលោកលើកទី២ រហូតក្លាយជាប្រទេសជឿនលឿន ទំនើបដូចសព្វថ្ងៃ?
បង «ស៊ូមីតា» បានរៀបរាប់យ៉ាងក្បោះក្បាយ ហើយដែលខ្ញុំចាប់អារម្មណ៍ និងយកជាបទពិសោធន៍ដ៏ពិសិដ្ឋនោះគឺ «លោកឪពុក អ្នកម្ដាយជប៉ុន ទោះលំបាក លំបិន អត៎ឃ្លានយ៉ាងណា ក៏ខិតខំលះបង់សព្វបែបយ៉ាង ហើយបង្ខំឲ្យកូនប្រុសស្រី សិក្សាក្រេបយកចំណេះវិជ្ជា!»។
២៖ គាត់នៅបានរៀបរាប់ប្រាប់ខ្ញុំ ពីមូលហេតុដែលគាត់ចាប់អារម្មណ៍ អាណិតកុមារកំព្រា រហូតផ្ដើមគំនិតចូលរួមបង្កើត អង្គការជួយកុមារកំព្រា និងបំរើអង្គការ School Aid Japan។
លោកតា បានរៀបរាប់ថា ពេលដែលរូបគាត់មកដល់ប្រទេសកម្ពុជាដំបូង គាត់បានទៅដល់ខេត្តពោធិ៍សាត់ គាត់បានជួបក្មេងប្រុស២នាក់កំព្រា គ្មានអាហារ គ្មានទីជម្រក។ ដោយក្ដីអាណិត គាត់ក៏បានសួរនាំ ហើយក៏យកទៅផ្ញើព្រះសង្ឃឲ្យរស់នៅក្នុងវត្ត ប៉ុន្តែព្រះចៅអធិការ បានប្រាប់មកវិញថា មិនអាចទទួលបានទេ ដោយនៅវត្តទទួល ចិញ្ចឹមក្មេងច្រើន ហើយមិនមានស្បៀងគ្រប់គ្រាន់ទេ។
ពេលនាំក្មេងត្រឡប់វិញ គាត់នៅសល់នំបុ័ងមួយកំណាត់ក៏ឲ្យទៅក្មេងម្នាក់ ក្មេងនោះវាមិនហូបតែឯងទេ វាហែកជាពីរចំណែក ចែកឲ្យក្មេងម្នាក់ទៀត ធ្វើឲ្យគាត់ក្ដុកក្ដួលរលីងរលោងទឹកភ្នែក។
ខ្ញុំបានពាំនាំនូវសំណូមពររបស់ ឪពុកម្ដាយ គ្រូបង្រៀន និងកុមារា កុមារីជាសិស្ស ដែលខ្វះខាតអគារសិក្សា ជូនទៅលោកតាស៊ូមីតា លោកតាបានយកចិត្តទុកដាក់ ហើយចុះដល់ភូមិ ដល់សាលាយ៉ាងជាក់ស្ដែង លោកតាបានសាកសួរ ពិនិត្យយ៉ាងហ្មត់ចត់ ទើបរាយការណ៍ទៅអង្គការ ដែលសំរេចបាននូវសមិទ្ធិផលដ៏ផូរផង់ មិនអាចភ្លេចបាននៅទីទាំងប្រទេសកម្ពុជា មានដូចជា អគារ សាលាបឋម សិក្សានៅខេត្តព្រៃវែង នៅខេត្តកណ្ដាល និងអគារមតេយ្យសិក្សា នៅខេត្តស្វាយរៀងជាដើម។
ក្នុងនាមរដ្ឋអំណាច ក្នុងនាមខ្ញុំផ្ទាល់ ជាពិសេសអាណាព្យាបាល ឪពុកម្ដាយ គ្រូបង្រៀននិងសិស្សានុសិស្ស កម្ពុជារាប់ពាន់រាប់ម៉ឺននាក់ សូមថ្លែងអំណរគុណចំពោះ អង្គការស្គូលអេដជប៉ុន ដែលមានលោកតាស៊ូមីតា ជាតំណាង អនុវត្តន៍ផ្ទាល់!
ខ្ញុំតែងតែនឹកស្រមៃ ឃើញនូវទឹកមុខញញឹម ប្រកបដោយសប្បុរសធម៌ គួរជាទីគោរពរាប់អានបំផុត! លោកតាជប៉ុនម្នាក់នេះ បានអូសទាញទឹកចិត្តប្រជាជនកម្ពុជា ឲ្យស្រឡាញ់គោរព យកជានិម្មិតរូបគំរូ!
ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលជប៉ុន ប្រជាពលរដ្ឋជប៉ុន ដែលតែងតែបានឧបត្ថម្ភគាំទ្រ ដល់ប្រជាពលរដ្ឋកម្ពុជាយើងខ្ញុំ គ្រប់កាលៈទេសៈប្រកបដោយដោយស្មារតី សាមគ្គីភាពដ៏ស្មោះស្ម័គ្រ។ អនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
ភ្នំពេញ៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២០
នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ