(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមប្រព័ន្ធវីដេអូ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងទៀតថា កិច្ចប្រជុំនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ហើយដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានរដ្ឋមន្រ្តីការបរទេស នៃដៃគូក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ ចំនួនប្រមាណ ២០ប្រទេស អគ្គនាយកអង្គការសុខភាពពិភពលោក និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពង្រឹងការគាំទ្រគ្នាទៅវិញទៅមក និងបង្កើនកិច្ចប្រឹងប្រែង តាមរយៈយន្តការតំបន់ និងអន្តរជាតិ ក្នុងការគ្រប់គ្រង និងជំនះឲ្យបានលើការរាតត្បាតដោយជម្ងឺកូវីដ-១៩ ជំរុញការតភ្ជាប់ និងស្រោចស្រង់សេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយពីជម្ងឺកូវីដ-១៩ ក៏ដូចជាធ្វើឲ្យកាន់តែស៉ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងក្របខ័ណ្ឌគំនិត ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៕