(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ធ្វើបទបង្ហាញអំពី «ការឆ្លើយតបជំងឺកូវីដ-១៩» នៅកម្ពុជា ក្រោមការដឹកនាំដោយភាពឈ្លៀសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនអង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហ្សឺណែវ ដែលមានលោកវេជ្ជបណ្ឌិត តេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក ជាប្រធានអង្គប្រជុំ និងបណ្តាប្រទេសជាសមាជិក ចូលរួមជាង១២០នាក់ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៧៖៣០នាទី ដល់ម៉ោង ២០៖៣០នាទី តាមប្រព័ន្ធអនឡាញ (Teleconference) ដែលមានចំណុចសំខាន់ៗដូចតទៅ៖
ក៖ ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ គឺភាគច្រើនលើសលុបជាករណីនាំចូល ហើយមានការចម្លងបន្តរប៉េះរប៉ោះ ដែលមិនទាន់ចូលដល់ដំណាក់កាល នៃការចម្លងចូលសហគមន៌នៅឡើយទេ។ ករណីឈឺសរុបគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ មាន១២៩ករណី មិនមានស្លាប់បានព្យាបាលជាចំនួន១២៦នាក់ និងស្ថិតនៅកំពុងព្យាបាលចំនួន៣នាក់។
ខ៖ ការទប់ស្កាត់ការចម្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសបានល្អប្រសើរនេះដោយសារកត្តា៤សំខាន់ៗ គឺ៖
១. ការដឹកនាំខ្លាំងដោយភាពប៉ិនប្រសព្វ ឈ្លៀសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការសហការសម្របស្រួលអនុវត្តដោយយកចិត្តទុកដាក់របស់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំមន្ត្រី បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យទាំងអស់ និងការចូលរួមពីស្ថាប័ន ក្រសួងនានា អាជ្ញាថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនេះជាបែបជ្រើសរើស ដ៏ត្រឹមត្រូវយកការអនុវត្តន៌តាមបែបហៅថា «រដ្ឋាភិបាលទាំងមូលសង្គមទាំងមូល» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា មានផែនការមេមានគណកម្មការជាតិ (ដឹកនាំដោយសម្តេចតេជោផ្ទាល់) គណកម្មការអន្តរក្រសួង (ដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល) គណកម្មការខេត្ត (ដឹកនាំដោយអស់លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត) ក្រុមការងារតាមបណ្តាស្ថាប័ន-ក្រសួងនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
២. ការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគតាំងពីដើមរៀងមកក្នុងវិស័យសុខាភិបាល បានកសាងឲ្យមានប្រព័ន្ធសុខាភិបាល សាធារណ:ប្រកបដោយប្រសិទ្ធិភាព ដែលកម្ពុជាបានចល័តក្រុមឆ្លើយតបបន្ទាន់ (RRT) បានយ៉ាងសកម្មរហ័សរុករកករណីឈឺ និងសង្ស័យធ្វើការស្វែងរកអ្នកប៉ះពាល់ជាដើម។ ទន្ទឹមនឹងនោះប្រព័ន្ធតាមដានជំងឺឆ្លងជាច្រើនត្រូវបានប្រើប្រាស់ និងពង្រីកបន្ថែមដូចជាប្រព័ន្ធហៅចូលទាន់ហេតុការណ៌ Hotline ១១៥ ជាមួយនឹងប្រព័ន្ធតាមដាន ព្រឹត្តិការណ៌ជាក់ស្តែង និងការតាមដានអ្នកជំងឺបែបផ្តាសាយ និងរលាកផ្លូវដង្ហើម (ILI/SARI) ជាដើម។ មន្ទីរពិសោធន៌វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានសមត្ថភាពក្នុងការធ្វើតេស្ត រកវីរុសកូវីដ-១៩ បានរហូតដល់ជាង ២៨.០០០ សំណាកហើយគិតត្រឹមថ្ងៃនេះ។
៣. ការទំនាក់ទំនងហានិភ័យ និងការចូលរួមរបស់សហគមន៌ ជាកត្តាចាំបាច់មិនអាចខ្វះបាន និងត្រូវបានជម្រុញអនុវត្ត បានយ៉ាងសកម្ម មានការគាំទ្រពេញទំហឹង និងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដោយក្រសួងសុខាភិបាល បានផ្សព្វផ្សាយ និងចែកចាយព័ត៌មានតាមរយ:ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក តាមទូរទស្សន៌ ធ្វេីសន្និសីទសារព័ត៌មានជាប់ជាប្រចាំ និងតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ព្រមទាំងបោះពុម្ភចែកចាយសារអប់រំសុខភាព ទូទាំងប្រទេស បែបជាក្រដាសផ្នត់ ផ្ទាំងរូបធំ វីដេអូឃ្លីប និងបែបជាចម្រៀង បានជិតមួយរយសារ/បែប
៤. អ្វីដែលជាចំណុចខ្លាំងមួយដែរនោះ គឺការសាមគ្គីភាពគ្នា និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាសាកល ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាន់យក ជាពិសេស គឹការសម្រេចចិត្តឲ្យនាវា MS Westerdam ផ្ទុកអ្នកដំណើររាប់ពាន់នាក់បានចូលសំចតនៅកម្ពុជា នៅពេលដែលមានកាខ្វះខាតស្បៀងអាហារ ប្រេងចាក់សម្រាប់នាវា និងតម្រូវការផ្សេងៗរបស់អ្នកដំណើរលើនាវ ដោយបានអនុវត្តយ៉ាងល្អប្រសើរនូវគោលការណ៌ «បេះដូងមនុស្សធ៌ម សង្គ្រោះអាយុជីវិតមនុស្ស» និងការគោរពសិទ្ធិរស់រានមានជីវិត ពិតប្រាកដដោយមិនប្រកាន់ពូជសាសន៌ ពណ៌សម្បុរ វណ្ណ: ឬសាសនា អ្វីទាំងអស់ រួមទាំងការចល័តធនធានក្នុងប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
កិច្ចសហការបច្ចេកទេសដោយតម្លាភាព ជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលត្រួតពិនិត្យជងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងអង្គការដៃគូផ្សេងៗទៀត បានអនុញ្ញាតឲ្យចូលរួមក្នុងការតាមដានរុករក និងឆ្លើយតបបន្ទាន់។ ទន្ទឹមនឹងនោះមានការគាំទ្រពីដៃគូទ្វេភាគី និងពហុភាគី ពីបណ្តាប្រទេសមួយចំនួន និងវិស័យឯកជនជាច្រើន លើការផ្តល់ជំនួយបច្ចេកទេស និងថវិកា សម្រាប់កិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ផងដែរ។ ការចូលរួមប្រជុំបានជាទៀងទាត់ ដើម្បីការចែករំលែកបទពិសោធន៌ និងមេរៀន លើការធ្វើអន្តរាគមន៌ឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ របស់កម្ពុជា នៅលើឆាកអន្តរជាតិក៏ជាការបង្ហាញដល់មតិសាធារណអន្តរជាតិនូវសមត្ថភាពនៃការដឹកនាំដ៏ខ្លាំង ខ្លាប្រកបដោយឆន្ទះស្រឡាញ់ប្រជាជន និងបេះដូងមនុស្សធ៌មព្រមទាំងការគោរពសិទ្ធិមនុស្សរបស់សម្តេចតេជោ «បុរសខ្លាំងរបស់កម្ពុជា» និងការឆ្លើយតបប្រកបដោយប្រសិទ្ធិភាព នៃក្រុមការងារនានារបស់រាជរដ្ឋាភិបាល ជាពិសេសបានបង្ហាញពីសមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា និងក្រសួងសុខាភិបាលកម្ពុជា។
ដោយយើងត្រូវមិនភ្លេចវីរុសកូវីដ-១៩ កម្ពុជានៅតែបន្តកិច្ចការពាររលកទីពីរ ដោយយកចិត្តទុកដាក់ខ្ពស់លើការត្រៀមលក្ខណ:សម្រាប់អនាគតនៃការចម្លងជំងឺប្រសិនបើមាន ហើយប្រកាន់យកការប្រុងប្រយ័ត្នជានិច្ចនូវការចម្លងចូលក្នុងសហគមន៌ ដោយសម្លឹងរកកាល:ទេស: ឬឱកាសសម្រាប់ការបន្តពង្រឹងប្រព័ន្ធសុខាភិបាលបន្ថែមទៀត សម្រាប់ពេលអនាគត ក្នុងពេលកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទោះបីជាស្ថានភាពរាតត្បាតលើសាកលលោក នៅខ្លាំងខ្លានៅឡើយ និងមានភាពមិនច្បាស់លាស់ នៃវីរុសនេះក៏ដោយ។
ចុងបញ្ចប់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនង សាធារណ: ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់អង្គការសុខភាពពិភពលោកដៃគូពាក់ព័ន្ធទាំងអស់ដៃគូទ្វេ និងពហុភាគីទាំងអស់ បណ្តាប្រទេសជាមិត្តនានា អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់កិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា និងការយកចិត្តទុកដាក់ទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩ ដេីម្បីស្រោចស្រង់អាយុជីវិតប្រជាជននៅជុំវិញពិភពលោកយើងនេះ។
ព័ត៌មាន និងបទបង្ហាញរៀបចំដោយ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា និងជាប្រធានក្រុមការងារប្រតិបត្តិការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណ: ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕