(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាតុមូលបើកកិច្ចពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងការងារមកពីក្រសួងការងារ ក្រសួងពាណិជ្ជកម្ម និងរាជបណ្ឌិត្យសភាកម្ពុជា ចូលខ្លួនក្នុងវេទិកានេះ ដើម្បីបកស្រាយ និងបង្ហាញនូវវិធានការផ្សេងៗដែលជាបច្ច័យក្នុងស្រោចស្រង់សេដ្ឋកិច្ចនៅកម្ពុជាឡើងវិញ ក្រោយពេលជំងឺកូវីដ១៩ត្រូវផុតរលត់ពីលើភពផែនដី។
វាគ្មិនដែលនឹងចូលរួមក្នុងវេទិកានេះរួមមាន៖ លោកបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា, លោក គួច សុមាន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកឯកទេសសេដ្ឋកិច្ច និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
កម្ពុជាក្រោយពេលបានបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនាឆ្នាំ១៩៩៨ បានទទួលនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ដោយមានកំណើនក្នុងរង្វង់ប្រមាណ៧ភាគរយ ជារៀងរាល់ឆ្នាំក្នុងរយៈពេលប្រមាណ ២០ឆ្នាំចុងក្រោយនេះ។
តែនៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោកផងដែរ បានជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ នឹងធ្លាក់ចុះជិត ២ភាគរយ ដោយសារការរីករាលដាលយ៉ាងលឿននៃជំងឺកូវីដ១៩ ដែលបាននិងកំពុងធ្វើឱ្យតម្រូវការខាងក្រៅធ្លាក់ចុះយ៉ាងគំហុក និងរុញច្រានឱ្យប្រទេសជាច្រើន ជាពិសេសបណ្តាប្រទេស ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាប្រឈមនឹងកំណើនអវិជ្ជមាន។ រាជរដ្ឋបាលបានព្យាករណ៍ថា ឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានក្នុងអត្រា ៦.៥ភាគរយប៉ុណ្ណោះ។
ដោយឡែកធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ ធ្លាក់ចុះជាង២ភាគរយ។ បើទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើងមកវិញប្រមាណ ៣.៥ភាគរយនៅឆ្នាំ២០២១។
លោក សុខ ទូច បានប្រាប់ Fresh News ថា វេទិកានេះ នឹងប្រមូលនូវគំនិតយោបល់មួយចំនួនដើម្បីផ្តល់ជាធាតុចូលសម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំខ្លួនស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជំងឺកូវីដ១៩បិទបញ្ចប់ទៅ។ មួយវិញទៀតក៏ជាផ្ញើសារទៅកាន់ប្រជាពលរដ្ឋផងដែរថា តើរាជរដ្ឋាភិបាល និងស្ថាប័នដែលពាក់ព័ន្ធបានរៀបចំខ្លួនរួចហើយ ឬនៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ នៅពេលជំងឺកូវីដ១៩បានបិទបញ្ចប់៕