(ភ្នំពេញ)៖ សហគមន៍នេសាទពាមក្រសោប គឺជាតំបន់ទេសចរណ៍បែបធម្មជាតិមួយ ស្ថិតនៅក្នុង ភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយពីទទួលបានការអបរំណែនាំពីសារៈនៃដើមកោងកាង ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដែលពីមុនកាប់ទន្ទ្រាយរុក្ខជាតិនេះ បែបជានាំគ្នាមកដាំ និងអភិរក្សដើម្បីជាផ្តល់ជាជម្រកមច្ឆាសមុទ្របង្កបង្កើតកំណើត និងជាប្រភពចំណីអាហារមិនចេះរីងស្ងួត បន្ថែមពីនេះពួកគាត់ថា ការរក្សាដើមកោងកាង បានចូលរួមបង្កើនទិន្នផលនេសាទ ជាពិសេសបានចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា ដែលបានលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរខេត្ត ក្រុមចុងភៅមកពីសណ្ឋាគារឡឺរ៉ូយ៉ាល់ និងក្រុមអ្នកសារព័ត៌មាន បំពេញបេសកកម្មរយពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងសហគមន៍ពាមក្រសោបនេះ ដើម្បីស្វែងយល់ពីការរស់នៅ ការនេសាទសមុទ្រ ព្រមទាំងទស្សនាកន្លែងចិញ្ចឹមគ្រំចំពុះទា ដើម្បីជួយរកទីផ្សារ ជូនដល់ប្រជាសហគមន៍។
សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ២០ ទៅ២៥នាទីប៉ុណ្ណោះ។
សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង តំបន់នេះបានទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ បានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដោយសារតំបន់នេះមានសក្ដានុពលទេសចរណ៍សំខាន់ដូចជា៖ មានប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះគ្រប់ប្រភេទ ជាជម្រកសត្វក្នុងទឹក និងសត្វស្លាប, មានកន្លែងចិញ្ចឹមត្រី និងខ្យងច្រើនប្រភេទ នៅក្នុងព្រៃកោងកាង, មានអណ្ដូងបុរាណ ដែលមានទឹកសាប អាចឱ្យប្រជាជនប្រើប្រាស់បានគ្រប់រដូវមានស្ពានបេតុងប្រវែង៦៦៦ម៉ែត្រ សម្រាប់ដើរទស្សនាកម្សាន្តក្នុងព្រៃកោងកាង, មានស្ពានយោលប្រវែង ៥០.២ ម៉ែត្រសម្រាប់ភ្ញៀវដើរឆ្លងកាត់ទស្សនា ទេសភាពដងព្រែង, មានប៉ម ដែលមានកម្ពស់១៧ម៉ែត្រ ឱ្យភ្ញៀវឡើង ហើយអាចទស្សនាទេសភាពដ៏ខៀវស្រងាត់នៃព្រៃកោងកាង ព្រែក និងសមុទ្រផងដែរ។ មានសត្វផ្សោតសមុទ្រ ដែលតែងតែធ្វើការបំលាស់ទី ពីដែនទឹកនៅមុខឆ្នេរពាមក្រសោប ទៅកាន់ដែនទឹក ខេត្តត្រាតប្រទេសថៃ។ សេវាជិះទូកលេងកម្សាន្តតាមដងព្រែកគយគន់ទេសភាពព្រៃកោងកាង សត្វស្លាប ស្វា សត្វអំពិល អំពែកនាពេលរាត្រី និងភូមិនេសាទរបស់ប្រជាជនមូលដ្ឋានជាដើម។
តាមរយៈជួបផ្ទាល់ជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ប្រជាសហគមន៍បានបង្ហាញក្តីរំភើបឥតឧបមា ដែលបានឃើញក្រសួងសាមីបានជ្រែងដៃជ្រែងជើង មកជួបពួកគាត់ដោយផ្ទាល់ ដើម្បីស្វែងយល់ស្ថានភាពរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងសិក្សាស្វែងយល់ពីភាពលំបាករបស់ពួកគាត់។
បើតាមលោក ផន ចំណាយ ជាប្រជាសហគមន៍ពាមក្រសោបបានថ្លែងថា ក្រោយពីទទួលបានការអបរំពីសារប្រយោជន៍នៃដើមកោងកាងមកនោះ ប្រជាសហគម ន៍ទាំងអស់បាននាំគ្នាបញ្ឈប់សកម្មភាពកាប់ និងងាកមកដាំដើមកោងកាងនេះបន្ថែមទៀត ដើម្បីចូលរួមបង្កើនសម្រស់ព្រៃឈើសមុទ្រ ដែលជាជម្រមច្ឆាសមុទ្រនានា ជាពិសេសផ្តល់ជាប្លង់តុង ដែលជាចំណីសម្រាប់សត្វសមុទ្រ និងចូលទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត នៅក្នុងសហគមន៍ពាមក្រសោបលោក មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ជាមួយគ្នានេះដែរ លោក ផន ចំណាន ក៏បានបង្ហាញពីក្តីព្រួយបារម្ភចំពោការខ្វះបង្គោលសម្រាប់ចិញ្ចឹមគ្រំចំពុះទា ដោយសារតែប្រពលរដ្ឋនៅក្នុងសហគមន៍ បញ្ឈប់ការដាំឈើ ក៏ដូចជាងដើមកោងកាង ដើម្បីធ្វើជាបង្គោលចិញ្ចឹម ដោយបញ្ជាទិញពីតំបន់ផ្សេងវិញ ហើយការបញ្ជាទិញបង្គោលនេះ វាបានបង្កជាផលលំបាកជាច្រើន ដោយសារតែទីតាំងបញ្ជាទីញនៅឆ្ងាយពីសហគមន៍ និងមានតម្លៃជាងមុនហើយដើមឈើ ដែលអាចិញ្ចឹមគ្រំនេះបានរួមមាន៖ ដើមពឹង ដើមផ្អាវ ព្រមទាំងដើមឈើភ្នំ។ល។
លោកបានឱ្យដឹងថា សម្រាប់ទីផ្សារគ្រំចំពុះទានេះ គឺពឹងផ្អែកស្ទើរទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ ហើយឈ្មួញមកពីប្រទេសវៀតណាម ទើបតែមានរយៈពេលប៉ុន្មានឆ្នាំនេះនោះទេ។
ជាមួយគ្នានេះដែរ លោក ផន ចំណាយ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីបានជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំខេត្តកោះកុង ក្រុមចុងភៅមកពីសណ្ឋាគារឡឺរ៉ូយ៉ាល់ នាពេលនេះ។ លោកថា ប្រសិនបើសណ្ឋាគារ ឬភោជនីយដ្ឋាននៅក្នុងប្រទេសចាប់អារម្មណ៍កម្ម៉ង់ទិញគ្រំពីពួកគាត់ផ្ទាល់ លោកនឹងខិតខំពង្រីកការចិញ្ចឹមគ្រំនេះបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ។
ប្រជាសហគមន៍មានអាជីពចិញ្ចឹមគ្រំចំពុះទាជាង១០ឆ្នាំមកនេះ បានបន្ថែមថា សម្រាប់លោកផ្ទាល់លោកបានចិញ្ចឹមគ្រំចំពុះទានេះ ចំនួន៤០០០បង្គោល ហើយអាចប្រមូលទិន្នផលបានជាង៥០ម៉ឺនតោន នៅក្នុង១ឆ្នាំៗ។ នៅក្នុងសហគមន៍ទាំងមូលមានប្រជាជន ប្រកបរបរចិញ្ចឹមគ្រំចំពុះទានេះ មានចំនួន៣៥០គ្រួសារ។
បើតាមលោក លោក នេត្រ ភក្ត្រា បានលើកឡើងថា ព្រៃកោងកាងជាប្រភពចំណូលមួយ របស់សហគមន៍ផ្នែកអេកូទេសចរណ៍ធម្មជាតិ ហើយក្រៅពីនេះវាក៏ផ្តល់នូវសក្តានុពលជីវចម្រុះ និង អ្វីដែលពិសេសយើងអាចលក់កាបោនថែមទៀត ដែលនេះមិនរាប់ទាំងការផ្តល់នូវលើវិស័យសេដ្ឋកិច្ចផ្សេងៗផង។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបានឱ្យដឹងថា នៅតំបន់សហគមន៍ពាមក្រសោប សំបូរព្រៃកោងកាងច្រើនជាងគេ ហើយបើនិយាយពីខេត្តទាំង៤ ដែលនៅជាប់មាត់សមុទ្រខេត្តកោះកុង មានព្រៃកោងកាងសរុបដល់ទៅ ៤៦០០០ហិកតា ហើយតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបនេះដែរ បានហ៊ុមព័ទ្ធទៅដោយព្រៃកោងកាង។ តំបន់នេះយើងមានរមណីយដ្ឋានពាមក្រសោប ដែលតាមរយៈរមណីយដ្ឋាននេះ គេឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តច្រើន។
លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងអំឡុងការវាយលុកដោយជំងឺកូវីដ-១៩នេះ ភ្ញៀវទេសចរបរទេសមិនសូវចូលមកកម្សាន្តពិតមែន ប៉ុន្តែបើគេក្រឡេកមើលពីភ្ញៀវទេសចរ ក្នុងស្រុកវិញមានកំណើនកើនឡើង ក្នុងនេះបើតាមរយៈរបាយការណ៍កាលពីខែ ឧសភាកន្លងមក គឺរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលមកកម្សាន្តតំបន់នេះជាង១ម៉ឺននាក់។ តាមរយៈភ្ញៀវទេសចរនេះបង្ហាញថាបងប្អូនប្រជាពលរដ្ឋខ្មែរ បានចាប់អារម្មណ៍ទៅលើការទស្សនាចរបែបធម្មជាតិ ហើយការចូលមកកម្សាន្តនេះ បានផ្តល់នូវចំណូលប្រជាពលរដ្ឋសហគមន៍ ដែលធ្វើឱ្យពលរដ្ឋអាចយកចំណូលនេះមកជួយការពារព្រៃកោងកាងផងដែរ។
តាមរយៈព្រៃកោងកាងដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរ និងពិសេសផ្តល់នូវសក្តានុពលជីវចម្រុះយ៉ាងមហាសាលនេះដែរ រដ្ឋលេខាធិការបានបញ្ជាក់ថាកាល ពីមុនព្រៃដើមកោងកាង រងការកាប់យកទៅធ្វើធ្យូង និងប្រើប្រាស់ប្រចាំថ្ងៃច្រើន ប៉ុន្តែ បច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើន ជាពិសេសប្រជានេសាទបានយល់ដឹងពីសារប្រយោជន៍របស់វា និងបានយកចិត្តទុកដាក់ការពារយ៉ាងម៉ត់ចត់ និងមាន ផែនការដាំដុះឡើងវិញជាបន្តបន្ទាប់។
លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា «គ្រំចំពុះទាដែលសំបូរ និងធំធាត់បានល្អ គឺមួយផ្នែកកើតឡើងដោយការតែការរក្សាបាននូវព្រៃកោងកាង។ តាមពិតព្រៃកោងកាងជាប្រភពចំណូលរបស់សហគមន៍ ផ្នែកទេសចរធម្មជាតិ។ នេះមិនគិតទាំងតម្លៃសេដ្ឋកិច្ចជាតិ ដែលបានមកពីព្រៃកោងកាងផង។ ពិតណាស់ព្រៃកោងកាងបំភាយអុកស៊ីសែនច្រើន និងវាបានបំភាយនូវកាបោនដែលយើងអាចលក់ឥណ្ឌទានកាបោនស្ម័គ្រចិត្ត ដូចដែលយើងបានលក់នៅស្រុកកែវសីម៉ា ខេត្តមណ្ឌកគិរី នៅតាតៃខេត្តកោះកុង និងឧទ្យានជាតិភ្នំក្រវ៉ាញខាងត្បូង ហើយបើនៅតំបន់នេះអាចរក្សាបាននោះយើងនឹងអាចលក់កាបោក បានថែមទៀតនិងពិសេសជាងនេះ កម្រិតនៃការបំភាយកាបោនរបស់ព្រៃកោងកាង មានកម្រិតខ្ពស់៣ដងបើប្រៀបធៀបនឹងព្រៃឈើធម្មតា»។
សូមបញ្ជាក់ថា ចំពោះគ្រំចំពុះទានេះ សម្រាប់នៅប្រទេសកម្ពុជាទីតាំង ដែលមានគ្រំចំពុះទានេះ មាន៣កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប គឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖ នៅកោះកាង និងទី៣៖ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។
ដោយឡែកនៅក្នុង១ឆ្នាំៗ ប្រជាសហគមន៍អាចប្រមូលគ្រំចំពុះទាំបានយ៉ាងហោចណាស់ជាង១០០០០តោន ហើយសម្រាប់តម្លៃវិញ គឺចាប់ពី១០០០រៀល ដល់៣០០០រៀល ទៅតាមប្រភេទគ្រំល្អ ឬមិនសូវល្អ ជាដើម៕