(ភ្នំពេញ)៖ អគារថ្មីនៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាពោរពេញដោយប្រណិតភាព ត្រូវបានសាងសង់រួចរាល់ហើយ បន្ទាប់ពីចំណាយពេលសាងសង់ជាងពីរឆ្នាំ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការបក្ស បានអញ្ជើញចុះហត្ថលេខាទទួលយកសមិទ្ធផលសំណង់អគារពីក្រុមអ្នកសាងសង់នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។
វត្តមានថ្មីនៃអគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់បក្ស ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជនកម្ពុជា។
អគារថ្មីនៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។ អគារនេះ មានបណ្ដោយ ១៥០ម៉ែត្រ, ទទឹង ៧៤ម៉ែត្រ, កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រមានកម្ពស់ ៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង ៥០០ចំណត និងទីធ្លាមុខអាគារសម្រាប់មហាជនអាចចតរថយន្តបាន ៣០០គ្រឿង។ នៅជាន់លើ គឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានចំនួនប្រមាណជា ១ម៉ឺននាក់។
អគារនេះមានកម្ពស់៥ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានប្រមាណជាង ៤,០០០នាក់, មានអាហារដ្ឋាននៅផ្នែកខាងត្បូងអាគារ ដែលអាចដាក់មនុស្សបានចំនួន ១២០នាក់ក្នុងមួយពេល។
អគារនេះមានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល មានបន្ទប់សម្រាប់ជនពិការ មានបន្ទប់ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។ អគារនេះក៏មានសាលលៀងយភោជន៍ដាក់មនុស្សបាន១៥០នាក់ និងបន្ទប់រៀបចំអាហារ។
ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអីអាចដាក់បានប្រមាណ ៣,៤៧៤នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន ៣,៤៧០នាក់ផងដែរ។
អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូលត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។
អគារដ៏ធំស្កឹមស្កៃនេះត្រូវបានសាងសង់ឡើងរំលេចដោយក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានសោភ័ណភាពល្អប្រណិតទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន។
ស្ថាបត្យករសាងសង់អគារនេះ បានគូសបញ្ជាក់ថា ត្រូវបានសាងសង់ឡើងក្រោមរចនាបថថ្មី ហៅថារចនាបថរួមសម័យដោយសារមានរចនាបទបីរួមចូលគ្នា។ រចនាបទទាំង៣នោះរួមមាន៖ទី១) រចនាបថប្រាសាទអង្គរវត្ត ទី២) រចនាបថបន្ទាយស្រី និងទី៣) រចនាបថកណ្ដាល។ រចនាបទទាំង៣រួមបញ្ចូលគ្នាត្រូវបានហៅថា «រចនាបថរួមសម័យ»។
វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាតនៃអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានរំលេចរូបរៀងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា។ ចាប់តាំងពីចាប់បដិសន្ធិគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។
ចាប់តាំងពីពេលវាយផ្តួលរំលំរបបប្រល័យពូជសាសន៍មក គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធម្មពោធិ៍សាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនោះ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
បន្ថែមពីលើនោះគណបក្សប្រជាជនកម្ពុជា បានធ្វើជាកម្លាំងស្នូលក្នុងការដំណើរការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីដំណោះស្រាយនយោបាយបញ្ហាកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងជាកម្លាំងបង្អែកដែលមិនអាចខ្វះបានក្នុងការអនុវត្តដោយជោគជ័យនូវកិច្ចព្រមព្រៀង ឈានទៅការបង្កើតរបបរាជានិយមថ្មី។
របបរាជានិយមទី២ ដែលដឹកនាំដោយរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបង្រួបបង្រួមជាតិ ដឹកនាំស្ដារ និងកសាងសេដ្ឋកិច្ច សង្គមឡើងវិញពីលេខសូន្យ ធ្វើឲ្យគ្រប់វិស័យបានរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ ដែលបានបង្កបុព្វបទជាមូលដ្ឋានសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនគួរជាទីមោទនភាពមកដល់បច្ចុប្បន្ននេះ។
អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាដែលរំលេចខ្លួនកណ្តាលរាជធានីភ្នំពេញ ជាការឆ្លុះបង្ហាញឱ្យឃើញពីអានុភាព ក៏ដូចជាភាពមហស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសម្រេចបាននូវសមិទ្ធផលធំៗគួរជាទីមោទនភាពជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
វត្តមានអគារដ៏ស្កឹមស្កៃនៃអគារក៏ជាការបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល៕