(កំពង់ស្ពឺ)៖ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានរៀបចំពិព័រណ៍ពាណិជ្ជកម្មចុងសប្តាហ៍ មានចំនួន ២០ស្តង់រយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ពិធីសម្ពោធបានរៀបចំឡើងក្រោមវត្តមានលោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ តំណាងមន្ទីរពាណិជ្ជកម្ម រាជធានី ខេត្ត និងតំណាងមន្ទីរ អង្គភាព ជុំវិញខេត្ត និងតំណាងអង្គការសង្គមស៉ីវិល ជាច្រើនរូបទៀត។
លោក ប៉ាវ ហេងតារា បានគូសបញ្ជាក់ថា ការរៀបចំផ្សារចុងពិព័រណ៍សប្តាហ៍នេះ ជាគោលបំណងផ្សព្វផ្សាយអំពីគម្រោង AIMS។ ជាពិសេសលើកតម្កើងផលិតផលកសិកម្មខ្មែរ ដែលបានការគាំទ្រដោយផ្ទាល់ និងប្រយោលពីគម្រោងនេះ។
ពិព័រណ៍នេះ ក៏មានគោលបំណងកៀរគរស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចសហការ និងបន្ស៉ីគ្នា ក្នុងគោលដៅជំរុញខ្សែច្រវ៉ាក់តម្លៃ ដែលគាំទ្រដោយគម្រោង និងដើម្បីបង្កើតឱកាសសម្រាប់ចង្កោម/ក្រុមកសិករផលិតករ ធ្វើការផ្សារភ្ជាប់ជាមួយឈ្មួញ អ្នកប្រមូលទិញធំៗក្នុងតំបន់ និងក្រៅតំបន់ ដើម្បីសហការគ្នាក្នុងគោលបំណងឆ្លើយតបតម្រូវការទីផ្សារ និងការបង្កើនផលិតភាព និងផលិតកម្ម។
លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងកំលុងពេល២ថ្ងៃនេះ គេអាចទិញសាច់មាន់ស្រែ បន្លែស្រស់ អង្ករ គ្មានគីមី និងផលិតផលផ្សេងទៀត ដែលផលិតផ្ទាល់ដោយពីក្រុមកសិករផលិត សហគមន៍កសិកម្ម និងបណ្តាក្រុមហ៊ុនពាក់ព័ន្ឋមួយចំនួនទៀត នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងតម្លៃសមរម្យផងដែរ៕