(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ជាអ្នកត្បាញហូលផាមួង ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងដកហូតបានថ្នាំញៀន ចំនួន១០កញ្ចប់តូច-ធំ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅទៀបភ្លឺថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ នៅជិតស្ពានដែកចំការដូង ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិឬស្សី ក្រុម១៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ បានឲ្យដឹងថា នៅពេលកម្លាំងនគរបាលខណ្ឌចេញល្បាត តាមបណ្ដោយផ្លូវ៣៧១ ដល់ចំណុចកើតហេតុខាងលើ បានប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូតែម្នាក់ឯង ដោយមានអាការៈគួរឱ្យសង្ស័យ។
លោកបន្តថា ភ្លាមៗនោះ កម្លាំងរបស់លោក ក៏ធ្វើការឃាត់ខ្លួនសួរនាំ និងសុំត្រួតពិនិត្យឆែកឆេរ ហើយរកឃើញថ្នាំក្រាមពណ៌សថ្លា ដោយសង្ស័យជាគ្រឿងញៀន ចំនួន ១០កញ្ចប់តូច-ធំ រួចឃាត់ខ្លួននាំយកទៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដើម្បីសាកសួរនាំតែម្ដង។
លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ យឹម វណ្ណេត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិដូង ឃុំកណ្ដាល ស្រុកបាទី ខេត្តតាកែវ មុខរបរត្បាញហូលផាមួង។ ក្រោយពេលពិនិត្យទឹកនោម បានរកឃើញថា ជននេះមានសារជាតិញៀន។
លោកអធិការជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ដើម្បីចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទប់ស្កាត់ការប្រើប្រាស់ ការចរាចរណ៍ថ្នាំញៀននៅក្នុងដឹកដីខណ្ឌមានជ័យ លោកវរសេនីយ៍ទោ ម៉េង វិមានតារា តែងតែណែនាំឱ្យកម្លាំងប៉ុស្តិ៍ទាំង៧ និងគ្រប់ផ្នែក សហការគ្នាជាមួយកម្លាំងអន្តរាគមន៍ពិសេស បង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ទប់ស្កាត់បទល្មេីសផ្សេងៗផងដែរ។
លោកវរសេនីយ៍ទោ ម៉េង វិមានតារា បានលើកឡើងថា ដើម្បីធានាសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពក្នុងខណ្ឌ ទោះបីស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅតែខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការល្បាតទប់ស្កាត់បទល្មេីស រក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយមិនរាថយឡើយ៕