(ភ្នំពេញ)៖ រដ្ឋបាលខេត្តកណ្ដាល នឹងបិទចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីម៉ោង០១៖០០រំលងអាធ្រាត្រ រហូតដល់ម៉ោង១២៖០០ថ្ងៃត្រង់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ការបិទចរាចរណ៍នេះ ចាប់ពីចំណុចស្តុបទី៣ ដល់ស្តុបកាកបាទក្រហមកម្ពុជា។ ផ្លូវជាតិលេខ២១B ចាប់ពីស្តុបកាកបាទក្រហមកម្ពុជា ទៅដល់មហាវីថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ), ផ្លូវជាតិលេខ២ ចាប់ពីស្តុបព្រែកហូរ ដល់ព្រំប្រទល់ រាជធានីភ្នំពេញ និងផ្លូវក្នុងក្រុងតាខ្មៅ ផ្លូវលេខ២១១, ២១៣, ២១៥ និងផ្លូវលេខ១១៥k។
តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការបិទចរាចរណ៍នេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ក្នុងពិធីពិនិត្យវឌ្ឍនភាពការងារសាងសង់ព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
ក្នុងសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល បានគូសបញ្ជាក់ទៀតថា ចំពោះរថយន្តធុនតូច អាចធ្វើចរាចរណ៍បានជាធម្មតា ផុតរយៈពេលកំណត់ខាងលើ រដ្ឋបាលខេត្តកណ្ដាល នឹងអនុញ្ញាតឲ្យដំណើរការចរាចរណ៍ ជាប្រក្រតីឡើងវិញ។
រដ្ឋបាលខេត្តកណ្ដាល សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួម សហការឲ្យទទួលបានលទ្ធផលល្អប្រសើរ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល ដែលមានខ្លឹមសារទាំងស្រុង៖