(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ដព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ទទួលបានម៉ាសចំនួន៥ម៉ឺន ពីលោក នូវ សុខភាព ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ម៉ាសចំនួន៥ម៉ឺនម៉ាស ដែលលោក ស សុខា ទទួលបានការឧបត្ថម្ភពី លោក នូវ សុខភាព នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ គឺដើម្បីបន្តយុទ្ធនាការការពារកូវីដ១៩នៅក្នុងខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ក្នុងគោលបំណងទប់ស្កាត់ និងជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោក ស សុខា បានថ្លែងអំណរគុណដល់លោក នូវ សុខភាព ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ដែលបានឧបត្ថម្ភម៉ាសចំនួន៥ម៉ឺន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា។
លោក ស សុខា បានឲ្យដឹងថា ការឧបត្ថម្ភនេះ អាចឆ្លើយតបទៅកាន់ ការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ដ៏កាចសាហាវនេះបាន។ ហើយម៉ាសទាំង៥ម៉ឺនម៉ាសនេះ នឹងអាចជួយដល់សហគមន៍ជាច្រើន ដែលកំពុងត្រូវការ។
ក្នុងឱកាសនោះ លោក ស សុខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូរក្សាអនាម័យស្អាត លាងដៃជាប្រចាំ ហូបស្អាត គេងស្អាត និងអនុវត្តតាមគោលការណ៍ ដែលក្រសួងសុខាភិបាល បានផ្សព្វផ្សាយ និងដាក់ជូនឲ្យអនុវត្ត ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅទូទាំងពិភពលោកនាពេលសព្វថ្ងៃនេះ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំងអស់ កើនដល់១២៧នាក់ ចំណែកអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល នៅសល់ចំនួន២នាក់៕