(ក្រចេះ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះបង្រ្កាបទីតាំងជល់មាន់មួយកន្លែង ដោយដកហូតបានវត្ថុតាងជាច្រើន នៅក្នុងព្រៃខាងក្រោយសាលារៀនកាប៉ូ ប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។
យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបទីតាំងជល់មាន់នេះ កម្លាំងនគរបាលដកហូតវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន៣ក្បាល, កន្រ្ទកដាក់ចំនួន៥, អង្រុតក្រុងមាន់ចំនួន៣, ជញ្ជីងចំនួន១គ្រឿង, ស្កត់រំជើងមាន់ចំនួន៤ដុំ, កៅអីចំនួន៣ និងម៉ូតូចំនួន១៧គ្រឿង។
តាមរបាយការណ៍បញ្ជាក់ទៀតថា ការចុះបង្រ្កាបនេះមិនបានឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ទាំងនោះទេ ព្រោះពេលសមត្ថកិច្ចចុះទៅដល់ពួកគេបានរត់គេចខ្លួនបាត់អស់។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវកម្លាំងនគរបាលនាំយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ៕