(កំពង់ធំ)៖ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យក្រោយយោបាយឈ្នះឈ្នះ ដោយហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងបានស្ថាបនាឡើងតាំងពីទីក្រុងរហូតដល់ជនបទ។
យ៉ាងណាមិញ សម្រាប់ខេត្តកំពង់ធំ បានអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាគម្រោងកែលម្អរផ្លូវជនបទពីកម្រាលក្រួសក្រហមមកកម្រាលកៅស៊ូពីរជាន់ (DBST) ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទៅកាន់ទីជនបទជាតំបន់សមរភូមិ ប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាល ដែលជាកន្លែងលំបាកបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋ។
លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំក្រោមការដឹកនាំរបស់លោក សុខ លូ អភិបាលខេត្ត បានស្ថាបនាផ្លូវប្រវែងប្រមាណ១២២គីឡូម៉ែត្រ ៤០០ម៉ែត្រ ដែលចែកចេញចំនួន៤ខ្សែ ក្នុងនោះខ្សែទី១មានប្រវែង ជាង៤០គីឡូម៉ែត្រ ចាប់ពីឃុំបន្ទាយស្ទោង ស្រុកស្ទោង ទៅដល់ភូមិអូរអង្គរស្រុកប្រាសាទបល័្លង្ក។
ខ្សែទី២ មានប្រវែងជាង២០គីឡូ ចាប់ពីភូមិតាអោក ស្រុកប្រាសាទសំបូរ ទៅដល់ភូមិងនឃុំងន ស្រុកសណ្ដាន់។ ខ្សែទី៣ មានប្រវែងជាង២០គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ពីភូមិតារាមឃុំត្បែង ស្រុកកំពង់ស្វាយ ទៅដល់ភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល័្លង្ក និងខ្សែទី៤ មានប្រវែង៣៣គីឡូម៉ែត្រ១០០ ចាប់ពីផ្លូវជាតិលេខ៦២ ឃុំសាលាវិស័យ ទៅដល់ឃុំក្រយា ក្នុងស្រុកប្រាសាទបល្ល័ង្ក។
លោកបានបន្តថា ផ្លូវទាំងអស់នេះបានស្ថាបនាតាំងពីឆ្នាំ២០១៨ នឹងធ្វើការរួចរាល់នៅចុងឆ្នាំ២០២០នេះ ដែលមានទទឹងខ្នងលើ៨ម៉ែត្រ និងក្រាលកៅស៊ូ៦ម៉ែត្រ។
ជាមួយគ្នានោះដែរ លោក មុំ ចែម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសហការ និងចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមដងផ្លូវជាតិ សូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវឬនៅមាត់លូ ដែលជាហេតុឲ្យមានការរាំងស្ទះទឹក នៅពេលមានភ្លៀងធ្លាក់ ចាក់ដីខ្ពស់ជាងផ្លូវ និងកុំឲ្យដឹកលើសទម្ងន់។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរមានការសប្បាយចិត្តជាខ្លាំង ដោយទទួលបានផ្លូវធ្វើដំណើរបានស្រួលឆាប់រហ័ស ដែលកាលពីមុនធ្លាប់លំបាកធ្វើដំណើរជាផ្លូវរទេះហើយទឹកលិចជាដើម។ ក្នុងនោះដែរក៏មានការសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត សូមឱ្យជួយថែរក្សា និងកុំឲ្យដឹកលើសទម្ងន់ដើម្បីប្រើប្រាស់ផ្លូវបានយូរអង្វែង៕