(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់អនុសាសន៍ចំនួន ៧ចំណុច ដើម្បីចូលរួមអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាកាអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យដំណើរការកាន់តែមានប្រសិទ្ធ ភាពថែមទៀត។

ការផ្តល់អនុសាសន៍បែបនេះ របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងអភិបាលខេត្ត និងតំណាងមួយចំនួន នៅកោះពេជ្រ រាជធានីភ្នំពេញ។

គ្រឿងញៀនដែលដុតបំផ្លាញសចោលនៅព្រឹកនេះ គឺបង្ក្រាបបានពីរាជធានី-ខេត្តចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ហើយគ្រឿងញៀនដែលដុតបំផ្លាញ សរុបរួម ៤៧៧,៦៧៧.៨៥ ក្រាម រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម កញ្ឆា និងសារធាតុគីមីផ្សំ។

អនុសាសន៍ទាំង ៧ចំណុចរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រួមមានដូចខាងក្រោម៖

ទី១៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាអនាម័យផ្ទាល់ខ្លួន ក្រុមគ្រួសារសហគមន៍ និងទីកន្លែងការងារស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក និងក៏មិនត្រូវធ្វេសប្រហេសចំពោះបញ្ហាគ្រឿងញៀននោះដែរ។

ទី២៖ មន្រ្តីរាជការ កងកម្លាំងអនុវត្តច្បាប់គ្រប់ប្រភេទត្រូវយកចិត្តទុកដាក់ថែទាំ និងថែរក្សាខ្លួនចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបង្ការ ការពារខ្លួនមិនឱ្យឆ្លង និងបង្ការមិនឱ្យឆ្លងរាលត្បាតចូលដល់កន្លែងការងារពិសេសទីកន្លែងព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿញៀន និងពន្ធនាគារ។

ទី៣៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពនូវបទបញ្ជាលេខ០១ ស្តីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» គោលនយោបាយយុទ្ធសាស្រ្តភូមិភូមិ ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀនព្រមទាំងផែនការ និងវិធានការផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។

ទី៤៖ គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធទាំងអស់ត្រូវធ្វើការគាំទ្រ និងបំផុសឱ្យគ្រប់សមាសភាពសង្គមក្នុងមូលដ្ឋានចូលរួមក្នុងចលនានៃព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្នុងសហគមន៍ឱ្យទទួលបានជោគជ័យ។ ការធ្វើឱ្យក្រុមគ្រួសារ និងអ្នកប្រើគ្រឿងញៀនមានទំនុកចិត្ត គឺជាកិច្ចការដែលនាំឱ្យការព្យាបាលស្តារនីតិសម្បទាឈានទៅរកភាពជោគជ័យ។

ការព្យាបាលស្តារនីតិសម្បទាមានភាពជោគជ័យ នាំឱ្យការកាត់បន្ថយតម្រូវការគ្រឿងញៀនក្នុងមូលដ្ឋាន និងសហគមន៍ជោគជ័យ ហើយការផ្គត់ផ្គង់ និងទីផ្សារគ្រឿងញៀនក៏ត្រូវកាត់បន្ថយ។ នៅក្នុងកាលៈទេសៈ នៃវបត្តិជំងឺកូវីដ-១៩នេះ សូមណែនាំគ្រប់មណ្ឌលព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀនទាំងរដ្ឋ និងឯកជនត្រូវតែអនុវត្តឱ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានការឆ្លង និងការកើតមានជំងឺកូវីដ-១៩នេះ នៅតាមមណ្ឌលរបស់ខ្លួន និងនៅតាមសហគមន៍។

ទី៥៖ វិស័យឯកជនអ្នកវិនិយោគ ឬអាជីវករ ដែលមានមុខរបរពាក់ព័ន្ធនឹងទីកន្លែង ដែលងាយនឹងទទួលរងនូវការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន មិនត្រូវយកអាជីវកម្មស្របច្បាប់ឆ្លៀតឱកាសរកចំណេញពីការប្រព្រឹត្តបទល្មើសគ្រឿងញៀន ត្រូវតែមានច្បាប់ត្រឹមត្រូវ ត្រូវតែគោរពច្បាប់អាជីវកម្ម និងច្បាប់វិនិយោគ ហើយចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយត្រូវរាយការណ៍ពីជនល្មើសមិនលាក់បាំង ហើយជួយធ្វើការអប់រំណែនាំឱ្យអ្នក្រោមឱវាទរបស់ខ្លួនបានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។

ទី៦៖ ដូចដែលយើងនឹងឃើញនាពេលបន្តិចទៀតនេះ គ្រឿងញៀនជាច្រើននឹងត្រូវដុតបំផ្លាញ ដែលនេះជាសារមួយបញ្ជូនដល់ឧក្រិដ្ឋជនគ្រឿងញៀនឱ្យឃើញពីឆន្ទះមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្រ្កាបគ្រឿងញៀន។ វាមិនត្រឹមតែការចាប់គ្រឿងញៀននឹងបំផ្លាញចោលទេ តែមន្រ្តីអនុវត្តច្បាប់របស់យើងនឹងបន្តស្វែងរកប្រភពមូលនិធិទ្រពសម្បត្តិ ឧក្រិដ្ឋជនទាំងនោះ ដើម្បីធ្វើការរឹបអូសឈានទៅកាត់ផ្តាច់ទាំងស្រុងនូវចលករនានា ដែលបម្រើឱ្យសកម្មភាពខុសច្បាប់នៅក្នុងសង្គម។

និងទី៧៖ សូមអំពាវនាវដល់ប្រទេសក្នុងតំបន់ និងពិភពលោកដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ សូមចូលរួមជាមួយរាជរដ្ឋាភិបាកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន។ គ្មានប្រទេសណាមួយតែឯង ដែលអាចប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជោគជ័យទេ បើគ្មានកិច្ចសហប្រតិបត្តិការជាមួយគ្នា ប្រកបដោយការទទួលខុសត្រូវ និងស្មោះត្រង់ទេនោះ៕