(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ធូ ភា អភិបាលរងខេត្ត ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ អញ្ជើញសំណេះសំណាលជាមួយ ប្រជាសហគមន៍ផលិតមាន់ស្រែ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា (AIMS) ស្ថិតនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងមានបញ្ហាទីផ្សារ ដោយសាររងផលប៉ះពាល់ បន្ទាប់ពីមានការផ្ទុះឡើងនៃជម្ងឺកូវី-១៩ ព្រមទាំងជួយទិញមាន់ស្រែ ពីសមាគមចំនួន ៨៥០ក្បាលផងដែរ។
លោក ផាន់ ចាន់ធុល បានឱ្យដឹងថា តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺអាជ្ញាខេត្ត មានគម្រោងសហការនឹងបង្កើតរៀបចំផ្សារចុងសប្តាហ៍ សម្រាប់ប្រជាកសិករ លក់ដំណាំ ត្រី សាច់ បន្លែ និងមាន់ស្រែ ដែលជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ នៅទីតាំងសួនកុមារ មុខសាលាខេត្ត និងគ្រោងរៀបចំពង្រីកមាន់ស្រែអាំងតាមសហគមន៍ និងតាមតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងខេត្តប៉ៃលិនផងដែរ ដើម្បីចូលរួមគាំទ្រ ដល់ចលនាភូមិមួយផលិតមួយផង និងដោះស្រាយនូវបញ្ហាទីផ្សារជូនប្រជាកសិករផង ដែលកំពុងរងផលប៉ះដោយសារការផ្ទុះឡើងនៃជម្ងឺកូវី-១៩។
ទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជាយើងផងដែរនោះ អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅប្រកប ដោយអនាម័យ ជាពិសេសត្រូវលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល និងត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ ពេលទៅកាន់កន្លែងសាធារណៈ ឬទីប្រជុំជនដែលមានមនុស្សច្រើន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីត-១៩ ហើយបើមាន សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
បើតាមរបាយការណ៍របស់លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា៖ សមាគមផលិតមាន់ស្រែ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានចំនួន ០៤ក្រុម ស្មើនឹង ១៥៩នាក់ ស្រី៨២នាក់ ក្នុងនោះមានកសិករគម្រូ ចំនួន ៧នាក់ ទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សរុបចំនួន ៤០,៥០០ដុល្លាអាមេរិច ដោយផលិតមាន់ស្រែបានក្នុង១ខែៗ ប្រមាណជាង ១០០០ក្បាល ហើយទីផ្សារសម្រាប់លក់មាន់ស្រែក្នុងខេត្ត គឺផ្សារប៉ាហ៊ី ផ្សារព្រំ ផ្សារសាលាក្រៅ ផ្សារប៉ាងរលឹម និងផ្សារបានឡែម (ខេត្តបាត់ដំបង)៕