(បាត់ដំបង)៖ លោក ញឹក សារ៉ែន ប្រធានផ្នែកច្បាប់ និងស៉ើបអង្កេតនៃសាលាខេត្តបាត់ដំបង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្តីទី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជំនួសលោក ម៉ៅ សុខចាន់ អភិបាលស្រុកចាស់ ត្រូវបានផ្ទេរឲ្យទៅបម្រើការងារសាលាខេត្តបាត់ដំបងវិញ។
ពិធីប្រកាសនេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលាស្រុកគាស់ក្រឡ ក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ។
បន្ទាប់ពីប្រគល់សេចក្តីសម្រេច និងប្រគល់ត្រាលោកអភិបាលស្តីទីស្រុកគាស់ក្រឡ បានឡើងប្តេជ្ញាចិត្តថា នឹងបន្តបម្រើការការងារក្នុងរដ្ឋបាលស្រុកដោយប្តេជ្ញាអនុវត្តការងារលើគ្រប់វិស័យ ពិសេសបម្រើ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។
លោក ងួន រតនៈ បានផ្តាំផ្ញើដល់អភិបាលស្រុកថ្មី មន្រ្តីរាជការទាំងអស់ក្នុងរដ្ឋបាលស្រុកទាំងមូល សូមខិតខំធ្វើការតាមជំនាញរបស់ខ្លួនឲ្យល្អ ទាំងការងារសេវាសាធារណ:
និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ជូនប្រជាពលរដ្ឋ រស់នៅបានសុខសុវត្ថិភាព និងទទួលការគាំទ្រពីពួកគាត់ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ៕