(កណ្ដាល)៖ ព្រះចៅអធិការវត្តសូរភី ហៅវត្តក្បាលកោះ ពុទ្ធបរិស័ទ ព្រមទាំងអាជ្ញាធរដែនដី បានបដិសេធនូវការចោទព្រះអង្គថា បានប្រព្រឹត្តទង្វើមិនគប្បីផ្សេងៗនៅក្នុងវត្ត និងចោទព្រះអង្គថាបានបង្កើតបក្ខពួក ធ្វើបាបលោកសង្ឃ កិបកេងបច្ច័យជាដើម ខណៈការចោទទាំងនេះជាការនិយាយមួយបង្កាច់ និងបំផ្លើសការពិត តាមរយៈ Page មួយដែលបានផ្សព្វផ្សាយព័ត៌មានវាយប្រហារព្រះអង្គនាពេលថ្មីៗកន្លងទៅ ។
ព្រះតេជគុណ តុន សំឡូត ព្រះចៅអធិការវត្តសូរភីហៅវត្ត ក្បាលកោះ ស្ថិតនៅភូមិអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង បានមានសង្ឃដីការមកកាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា «ព្រះអង្គសូមបដិសេធចោលនូវការចោទប្រកាន់ទាំងនេះ ព្រោះព្រះអង្គពុំបានប្រព្ថឹត្តដូចការចោទឡើយ ហើយបើពិតជារកឃើញកំហុសរបស់ព្រះអង្គពិតមែន សូមលើកយកភស្តុតាង និងសាក្សីមក»។
ទន្ទឹមនឹងសង្ឃដីការនេះដែរ លោកនេនព្រះនាម ពៅ ដាលីស ក៏បដិសេធទាំងស្រុងផងដែរ ខណៈគេចោទថាព្រះចៅអធិការបានធ្វើបាបលោកសង្ឃក្នុងវត្ត តែតាមធាតុពិត គឺមិនដូច្នោះឡើយ, ព្រះចៅអធិការតែងតែយកចិត្តទុកដាក់ ជួយដោយលោកនេនេ និងព្រះសង្ឃគ្រប់អង្គដែលគង់នៅក្នុងវត្តនេះ ហើយក៏បានយកចិត្តទុកដាក់ជួយកសាងសមិទ្ធផលនានាជាច្រើនផងដែរ។
ចំពោះករណីចោទនេះដែរ លោក ម៉ាក សុខឃៀង មេភូមិព្រែកអុងប៉ាង និងពុទ្ធបរិស័ទឈ្មោះ សយ នូ ព្រមទាំងលោក ភី នីម ក៏បានចេញមុខបដិសេធផងដែរ ខណៈការចោទនេះជាការលាបពណ៌ មានគំនិតមិនល្អ និយាយមួលបង្កាច់ប្រកបដោយភាពច្រណែនឈ្នានិះមកលើព្រះចៅអធិការវត្តដ៏ល្អនៃយើង ខណៈព្រះចៅអធិការបានខិតខំយកចិត្តទុកដាក់ជួយដល់ទ្ធបរិស័ទ ជួយដល់ព្រះសង្ឃទាំងអស់ និងបានកសាងសមិទ្ធផលក្នុងវត្តជាច្រើន មិនដូចពាក្យចោទរបស់គេនោះឡើយ៕