(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៉ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ ព្រោះថានឹងមានជើងហោះហើរពីម៉ាឡេស៉ី មកកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។
ជើងហោះហើរនោះមានលេខ MH754 ដែលជាយន្តហោះពាណិជ្ជកម្ម Malaysian Airlines ហើយនេះគឺជាជើងយន្តហោះពាណិជ្ជកម្មធម្មតា មិនមែនជាជើងយន្តហោះពាណិជ្ជកម្មពិសេសដូចកន្លងមកទេ។
តាមរយៈ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ទូតខ្មែរនៅម៉ាឡេស៉ី បានផ្តាំថា មុននឹងទិញសំបុត្រ ឬបានទិញរួចហើយ ត្រូវតែប្រាកដលក្ខខណ្ឌ២ រួមមាន៖
* ១៖ ត្រូវមានលិខិតឆ្លងដែនមានសុពលភាព។ បើលិខិតឆ្លងអស់សុពលភាព (passport ងាប់) ត្រូវទាក់ទង ឬមកស្ថានទូត ដើម្បីទទួលបានការពន្យល់ណែនាំ។
* ២៖ លិខិតឆ្លងដែនត្រូវមានទិដ្ឋាការ (visa) ត្រឹមត្រូវ ឬទិដ្ឋាការនោះអស់សុពលភាព (visa ងាប់) គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ប្រសិនបើ visa អស់សុពលភាពមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ត្រូវទៅដោះស្រាយជាមួយអន្តោប្រវេសន៍ម៉ាឡេស៉ី ឲ្យបានរួចរាល់ជាមុនសិន។
ក្នុងករណីមានគ្រប់លក្ខខណ្ឌខាងលើសូមទិញសំបុត្រ Online ដោយផ្ទាល់នៅលើគេហទំព័ររបស់ក្រុមហ៊ុន Malaysian Airlines ហើយអាចសាកសួរព័ត៌មានបន្ថែមដោយ What sApp ទៅកាន់លេខទូរសព្ទ +60122605359។
ស្ថានទូតគូសបញ្ជាក់ថា៖ «សូមកុំជឿតាមការឃោសនារបស់ពួកមេខ្យល់ ដែលធានាទិញសំបុត្រឱ្យបងប្អូនត្រឡប់ទៅវិញ ប្រសិនបើមិនមានគ្រប់លក្ខខណ្ឌខាងលើ ពីព្រោះកន្លងមកមានបងប្អូនខ្លះបានចាញ់បោកមេខ្យល់ ខាតបង់លុយកាក់ជាច្រើន ប៉ុន្តែពុំអាចត្រឡប់ទៅវិញបាន»។
គួររំលឹកថា គិតចាប់ពីផ្ទុះជំងឺកូវីដ១៩ មានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា ទើបតែបាន ២លើកប៉ុណ្ណោះ រួមមាន៖
* លើកទី១៖ កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន២០៤នាក់។
* លើកទី២៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១៥៨នាក់៕