(ភ្នំពេញ)៖ លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសារមួយផ្តាំទៅប្អូនសិស្សានុសិស្ស ក្រោមចំណងជើងថា «អភិវឌ្ឍចំណេះដឹងខ្លួនឯង អនុវត្តជាក់ស្តែង ឱ្យទាន់សម័យឌីជីថល»។
សាររបស់លោក លី ឆេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន មានខ្លឹមសារទាំងស្រុងដូចតទៅ៖
ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) គឺជារបត់ថ្មីមួយ សម្រាប់ឱ្យក្មួយៗហាត់ពត់លត់ដំ និងសម្របខ្លួនទៅនឹងការសិក្សាតាមបច្ចេកវិទ្យាថ្មី ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) ដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូលមិនធ្លាប់ជួបប្រទះនាពេលកន្លងមក។ បរិបទថ្មីនេះ បានបង្រៀនឱ្យក្មួយៗ ជាសិស្សានុសិស្សទាំងអស់ ចេះអភិវឌ្ឍចំណេះដឹងខ្លួនឯង ដើម្បីរត់ឱ្យទាន់សម័យឌីជីថល (Digital Era)។
អ៉ុ ក៏សូមកោតសរសើរចំពោះក្មួយៗ ជាសិស្សានុសិស្សទាំងអស់ ទាំងផ្នែកចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ជាធម្មតានៅតាមផ្ទះ ឬកន្លែងផ្សេងៗ ដោយមិនរង់ចាំការរៀននៅក្នុងថ្នាក់តែមួយមុខ ដែលនាំឱ្យខាតពេលវេលា ខាតឆ្នាំសិក្សា ព្រោះយើងមិនដឹងថា COVID-19 នេះ នឹងបញ្ចប់នៅពេលណាឡើយ។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបែបនេះ ចាប់តាំងពីថ្ងៃទី១៧ មីនាមក សាលាបានរៀបចំ មធ្យោបាយបង្រៀនថ្មី (Teaching Platforms) ភ្លាមៗតាមប្រព័ន្ធអេឡិចត្រូនិករួមមាន៖ Telegram, Zoom និង Google Classroom ហើយមធ្យោបាយទាំងអស់នេះ តម្រូវឱ្យមានអ៉ីនធើណេត (Internet) និងសម្ភារបង្រៀននិងរៀនគ្រប់គ្រាន់ ព្រមទាំងធនធានមនុស្សដែលមានសមត្ថភាពខាងបច្ចេកវិទ្យាគ្រប់គ្រាន់ ដើម្បីដំណើរការផងដែរ។
ទោះបីជាមានការលំបាកខ្លះៗ តាមប្រព័ន្ធខាងលើដែលពីមុនមកក្មួយៗមិនធ្លាប់បានជួបប្រទះនូវស្ថានភាពបែបនេះក៏ដោយ ក៏ក្មួយៗមិនត្រូវបោះបង់ចោលការសិក្សាជាដាច់ខាត ហើយអ៉ុសូមលើកទឹកចិត្តឱ្យក្មួយៗទាំងអស់ ជម្នះឱ្យបាននូវការលំបាកទាំងអស់នេះ និងបន្តខិតខំសិក្សារៀនសូត្រសម្រាប់ត្រៀមប្រឡងឆមាសលើកទី២ និងប្រឡងថ្នាក់ជាតិ នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីឱ្យក្មួយៗបានប្រឡងជាប់គ្រប់ៗគ្នា និងបន្តការសិក្សានៅថ្នាក់បន្ទាប់ទៀតក្នុងឆ្នាំសិក្សាថ្មី ដែលនឹងបើកបវេសនកាល (តាម Online ឬសិក្សាក្នុងថ្នាក់) នៅដើមខែកញ្ញាខាងមុខនេះ។ ទន្ទឹមគ្នានេះដែរ ដើម្បីជាជំនួយបន្ថែម សាលាក៏បានបង្កើត App ដែលមានឈ្មោះថា BELTEI International School APP សម្រាប់ជួយឱ្យក្មួយៗ ធ្វើការសិក្សាបន្ថែមនៅផ្ទះ និងអាចសិក្សាបានគ្រប់ទីកន្លែង គ្រប់ពេលវេលា តាមរយៈតំណភ្ជាប់ (Link) ខាងក្រោម៖ http://onelink.to/e5593v ។
អ៉ុ ក៏សូមជម្រាបក្មួយៗផងដែរថា នាពេលអនាគតសាលា ប៊ែលធី អន្តរជាតិរបស់យើង នឹងប្រើប្រាស់វិធីសាស្ត្របង្រៀន ៣ធំៗ (3 Teaching Approaches) គឺ៖
*ទី១៖ On-Campus Learning គឺជាការរៀនផ្ទាល់នៅក្នុងថ្នាក់។
*ទី២៖ Online Learning គឺជាការរៀនតាមអនឡាញ ដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូចការបង្រៀនបច្ចុប្បន្ន។
*ទី៣៖ Blended Learning គឺជាវិធីសាស្ត្ររៀនបញ្ចូលគ្នា ទាំងការរៀននៅក្នុងថ្នាក់ផ្ទាល់ និងការរៀនតាមអនឡាញ។
អ៉ុសូមជូនពរឱ្យក្មួយៗទាំងអស់ប្រឡងជាប់ និងបន្តការសិក្សានៅថ្នាក់បន្ទាប់ប្រកបដោយជោគជ័យគ្រប់ៗគ្នា៕