(ព្រៃវែង)៖ អាជីវករលក់សាច់ជ្រូក ក្នុងទីផ្សារទ្រា ស្រុកព្រះស្តេច បានសម្តែងការមិនពេញចិត្តចំពោះការតម្លើងថ្លៃជ្រូករស់ខ្ពស់ពេក ហើយលក់សាច់ជ្រូកមិនដាច់ទៀតផង ធ្វើឱ្យពួកគាត់កំពុងខាតបង់ថវិកាប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ ដោយសារតែលក់សាច់ជ្រូកមិនដាច់ហើយសល់ជារាល់ថ្ងៃព្រោះគ្មានអ្នកទិញហូប។
ប្រភពពីអាជីវករបានឱ្យដឹងថា កន្លងមកពួកគាត់លក់ដាច់ដោយសារតែជ្រូករស់មានតម្លៃថោកសមរម្យ មានអ្នកទិញហូបសាច់ច្រើន មួយថ្ងៃកាប់បីទៅបួនក្បាល លក់មិន ដែលសល់តែក្រោយមកស្របពេលនឹងការផ្ទុះជម្ងឺកូវីដ១៩ ស្របនឹងតម្លៃសាច់ជ្រូករស់ឡើងថ្លៃទៀតនោះ ជួនកាលមួយថ្ងៃវល់ល្ងាចកាប់ជ្រូកតែមួយក្បាលលក់មិន អស់ផង។
ក្រុមអាជីវករអ្នកលក់សាច់ជ្រូកបានបញ្ជាក់ថា ពេលនេះសាច់ជ្រូកលក់មិនដាច់ សល់រាល់ថ្ងៃ បែរជាជ្រូករស់ត្រូវបានឈ្មួញនាំមកតម្លើងថ្លៃរាល់ថ្ងៃ ហើយរកលក់ មិនបានទៀត តើឲ្យពួកគាត់គិតយ៉ាងដូចម្តេច? ខណៈតម្លៃជ្រូករស់ទិញចូលមួយគីឡូក្រាមឡើងដល់ ១៤,៥០០រៀល ដោយកន្លងមកការទិញជ្រូករស់តម្លៃត្រឹម ៩,០០០រៀល ឬ១០,០០០រៀលតែប៉ុណ្ណោះ។ចំពោះទីផ្សារបច្ចុប្បន្នសាច់សុទ្ធលក់ចេញតែ ១៨,០០០រៀលទៅ ២០,០០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។
ក្រុមអាជីវករលក់សាច់ជ្រូកសូមសំណូមពរដល់ស្ថាប័នជំនាញពាក់ពន្ធ័ ជាពិសេសមន្ទីរកសិកម្មខេត្តព្រៃវែង មេត្តាជួយអន្តរាគមន៍តម្លៃជ្រូករស់ផង ព្រោះលក់មិនដាច់ទេ សព្វថ្ងៃនេះ។
គួរបញ្ជាក់ថា សព្វថ្ងៃតម្លៃជ្រូករស់នៅលើទីផ្សារក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងឡើងថ្លៃកប់ ហើយតម្រូវការក្នុងស្រុកផ្គត់ផ្គង់មិនគ្រាន់ផងខណៈពេលដែលជ្រូករស់ រាប់រយក្បាល ត្រូវបានឈ្មួញលួចនាំចេញខុសច្បាប់ ទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងទៅវិញ៕