(ភ្នំពេញ)៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលឆក់កាបូបរបស់ជនជាតិចិននៅចំណុចមុខម៉ាតនាគបាញ់ទឹក ផ្លូវសុធារស ក្រុម២៥ ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣៖៣០នាទី។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ប៊ុន សត្យា បានឲ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះថា ជនសង្ស័យឈ្មោះ មិត្ត ភារម្យ ហៅ រុំ មុខរបរដឹកអីវ៉ាន់តាមអនឡាញ និងស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច កំពង់ចម្លងអរិយក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ TANG CHUNFAN ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ BUSINESS ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរទេសចរណ៍។
សម្ភារដែលបាត់បង់រួមមាន៖ កាបូបស្ពាយ ពណ៌ប្រផេះ ចំនួន ០១, លិខិតឆ្លងដែនលេខ K០៣៣៥៦៨៤៤ ចំនួន០១ក្បាល, កាតធនាគារចំនួន ០៤សន្លឹក, អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន០១ សន្លឹក, ទូរសព្ទដៃចំនួន២គ្រឿង, ប្រាក់ដុល្លារចំនួន៣០០ដុល្លារ និងប្រាក់យ័នចិនចំនួន ១,៣០០យ័ន។
របាយការណ៍បានបន្តថា កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយពណ៌ប្រផេះ) ប្រព្រឹត្តនៅចំណុចមុខម៉ាតនាគបាញ់ទឹក ផ្លូវសុធារស ក្រុម២៥ ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យជិះម៉ូតូម៉ាកហ្គែននីអូ ពណ៌ខ្មៅសេរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IB-4877 ម្នាក់ឯង។ នៅពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ កំពុងដើរម្នាក់ឯង មានស្ពាយកាបូប ពណ៌ប្រផេះ។ ភ្លាមនោះជនសង្ស័យក៏បានជិះម៉ូតូចូលទៅជិតជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕