(ត្បូងឃ្មុំ)៖ ជាថ្មីម្តងទៀត លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានក្រើនរំឭកដល់មន្ត្រីពាក់ព័ន្ធ ដែលជាអ្នកប្រតិបត្តិ ក្នុងការផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រថា «សូមអ្នកពាក់ព័ន្ធទាំងអស់ បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ នីតិវិធីណែនាំរបស់រាជរដ្ឋាភិបាល កុំបន្លែបន្លំ ឬដោយរូមទាំងលេងបន្លំមែនផង ក្នុងការកោសកៀររកលុយកាក់ ពីប្រជាពលរដ្ឋដែលត្រូវទទួល បានការឧបត្ថម្ភសាច់ប្រាក់ ដូចជាពេលចេញប័ណ្ណក្រីក្រ ឬ ប័ណ្ណសមធម៌ផងដែរ ហើយធ្វើយ៉ាងណា កុំឱ្យមានបញ្ហាល្អក់កករ ពាក់ព័ន្ធនឹងការផ្តល់សាច់នេះឱ្យសោះ ហើយប្រសិនបើមានកំហុសនោះ អាចប្រឈមចំពោះមុខច្បាប់»។
លោក វង សូត បានថ្លែងបែបនេះ ខណៈលោកអញ្ជើញចូលរួមក្នុង ពិធីបូកសរុបលទ្ធផលការងារ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារការក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះកំលុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ រៀបចំធ្វើនៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២០។
ជាមួយគ្នានោះ លោក វង សូត ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋក្រីក្រ ដែលទទួលបានថវិកាពីកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះ មេត្តាយកថវិកានោះ ទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ដល់គ្រួសារ ចៀសវាងយកថវិកាទាំងនោះ ទៅប្រើប្រាស់ខុស ដូចជា ស៊ីផឹកជាដើម ដែលម្យ៉ាងទៀតការស៊ីផឹក គឺជាទង្វើមិនសមស្របឡើយ ព្រោះវាក៏ប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩ ផងដែរ ។
ក្នុងឱកាសខួបទី ៦៩ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា លោក វង សូត បានរំលឹកឲ្យដឹងថា ក្នុងរយៈពេល៦៩ឆ្នាំមកនេះ កម្ពុជា បានឆ្លងកាត់ក្តីលំបាកយ៉ាងច្រើន មិនអាចបរិយាយបាន ប៉ុន្តែទោះយ៉ាងណា ថ្នាក់ដឹកនាំ និងសមាជិកគ្រប់លំដាប់ថ្នាក់ របស់គណបក្ស បានខិតខំពុះពាជម្នះរាល់ឧបសគ្គ រហូតទទួលបានដោយជោគជ័យ និង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដឹកនាំប្រទេសជាតិ នាំមកនូវសុខសន្តិភាព និង ការអភិវឌ្ឍន៍គ្រប់វិស័យ ដូចដែលបានឃើញគ្រប់គ្នានាពេលនេះ។
ជាការកត់សំគាល់ បន្ទាប់ពីបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ប៉ុន្មានថ្ងៃមកនេះ ក៏មានសេចក្តីរាយការណ៍ ថាមានមន្ត្រីខ្លះអនុវត្តមិនបានត្រឹមត្រូវ ដូចជា បានទទួលយកលុយកាក់ពី ប្រជាពលរដ្ឋ ជាថ្នូរនឹងការចេញប័ណ្ណជាដើម ហើយក៏ត្រូវបានក្រុមការងារ របស់ក្រសួងសង្គមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានស្រាវជ្រាវ ជាបន្តបន្ទាប់ផងដែរ។
សូមជម្រាបថា អ្នកដែលអាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះ គឺជាអ្នកដែលមានប័ណ្ណក្រីក្រកម្រិត ១ ឬ កម្រិត ២ ហើយ ដើម្បីទទួលបានប័ណ្ណនោះ អ្នកដែលគិតថាខ្លួនឯងក្រីក្រ ត្រូវទៅស្នើសុំប័ណ្ណនេះ នៅឯសាលាឃុំ ឬ សង្កាត់ បន្ទាប់មក បើពិនិត្យឃើញថា ស្ថានភាពអ្នកស្នើសុំនោះ ឆ្លើយតបទៅនឹងលក្ខន្តិកៈ ទើបគាត់ទទួលបានប័ណ្ណោះនោះ ប៉ុន្តែករណីខ្លះដូចជា នៅពេលក្រុមការងារបច្ចេកទេស ពិនិត្យឃើញថា ស្ថានភាពជីវភាពរបស់គាត់មិនស្ថិតនៅក្នុងលក្ខន្តិកៈទេនោះ គាត់នឹងមិនទទួលបានប័ណ្ណឡើយ ហើយរហូតមកដល់ពេលនេះ នៅតែទទួលការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងការស្នើសុំប័ណ្ណក្រក្រ៕