(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងសុខាភិបាលមិននៅស្ងៀមទេ ដោយកំពុងតែបោះជំហានទៅមុខបន្តលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់ខ្លួន ជាមួយក្រុមហ៊ុនមិត្តហ្វូន ដើម្បីប្រយុទ្ធកូវីដ១៩ និងទប់ស្កាត់រលកទី២ នៃជំងឺកូវីដ១៩មកលើកម្ពុជា។
ការថ្លែងបែបនេះរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងគោលបំណងបើកឱកាស និងសក្តានុពលក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី នៃបច្ចេកវិទ្យាសុខាភិបាល (Health Tech) ឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើង នូវវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ដែលលើកកម្ពស់ការចែកចាយធនធានវេជ្ជសាស្រ្តឲ្យស្មើគ្នា និងកែលម្អសេវាសុខភាព សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា «ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យសុខាភិបាលនាពេលនេះ គឺយើងបានសម្រួលធ្វើយ៉ាងណា ឲ្យការទំនាក់ទំនងរវាងវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលជាមួយប្រជាជនដែលមានតម្រូវការ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាពីជំងឺកូវីដ១៩ ហើយក្នុងពេលនេះ យើងក៏បានការសហការយ៉ាងល្អជាមួយក្រុមហ៊ុនមិត្តហ្វូន ដើម្បីរួមគ្នាសិក្សាពីដំណាក់កាល និងការដាក់ចេញនូវប្រព័ន្ធប្រជុំគ្នាតាមអនឡាញ ដោយប្រើប្រាស់ការតភ្ជាប់ លើប្រព័ន្ធវីដេអូខនហ្វ្រេន (TeleConference) នេះឲ្យគ្រប់រាជធានី-ខេត្ត អាចភ្ជាប់មកក្រសួងសុខាភិបាល»។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា «ការតភ្ជាប់នេះដែរ គឺដើម្បីឲ្យមន្ត្រី ឬក៏វេជ្ជបណ្ឌិតនៅតាមបណ្ដារាជធានី-ខេត្តទាំង២៥នេះ បានជួបពិភាក្សាគ្នាបានដោយជួបមុខ និងនិយាយផ្ទាល់តាមរយៈប្រព័ន្ធប្រជុំគ្នាតាមអនឡាញ ដោយមិនចាំបាច់ឲ្យពួកគាត់ធ្វើដំណើរឡើង មករាជធានីភ្នំពេញជួបមុខគ្នាផ្ទាល់ទេ ព្រោះហេតុថាពួកគាត់កំពុងរវល់មមាញឹកផង និងដើម្បីជំរុញលើវិធានការ ស្ដីពី ការអនុវត្តនូវគម្លាតសុវត្ថិភាពសង្គម និងការអនុវត្តនូវគម្លាតសុវត្ថិភាពបុគ្គល»។
លោកស្រីបន្តថា ចំពោះការសហការលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុនមិត្តហ្វូន ក្រសួងនៅមិនទាន់កំណត់បានទេ ដោយរង់ចាំការរៀបចំផែនការជាដំណាក់កាលៗ។
ការអនុវត្តប្រព័ន្ធហេដ្ឋារចនាសម្ពន្ធអ៊ីនធឺណិត និងប្រព័ន្ធវីដេអូខនហ្វ្រេន សម្រាប់ ២៥រាជធានី-ខេត្ត ដើម្បីដំណើរការប្រព័ន្ធថែទាំសុខភាព ពីចម្ងាយដោយរលូន និងល្បឿនលឿន។ ការអនុវត្តប្រព័ន្ធ TeleHealth System និងកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យាផ្សេងៗទៀត ដើម្បីបំពាក់ជូនប្រជាជននូវចំណេះដឹងអំពីវិធានការ ការថែទាំសុខភាព និងវិធានការការពារជំងឺទូទៅ។ ការដាក់ពង្រាយលេខទូរស័ព្ទបន្ទាន់ សម្រាប់២៥រាជធានី-ខេត្ត ដើម្បីភ្ជាប់វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលជាមួយ ប្រជាជនដែលមានតម្រូវការ។
លោក ហ្វុង វ៉ាន់គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានថ្លែងថា «ជាមួយនឹងទស្សនរបស់យើងក្នុងនាមជាប្រតិបត្តិករ អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់ ក្រុមហ៊ុនមិត្តហ្វូនបានយកចិត្តទុកដាក់ ចំពោះអតិថិជនក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ។ ជាឧទាហរណ៍ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត Covid-19 ក្រុមហ៊ុនមិត្តហ្វូនបានចូលរួមជាមួយរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធផ្សេងៗ និងប្រជាជនកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាមួយនឹងសកម្មភាពជាច្រើនរួមមាន ការឧបត្ថម្ភមូលនិធិជំងឺ Covid-19, ប្រព័ន្ធវីដេអូខនហ្វ្រេន, អ៊ិនធឺណិតឥតគិតថ្លៃ -ល-»។
លោកបានថ្លែងបន្តថា «ជាមួយនឹងភាពជាដៃគូយុទ្ធសាស្រ្តនេះ យើងរំពឹងទុកថា មិត្តហ្វូននឹងបន្តការប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយ ICT ដើម្បីពង្រឹងប្រតិបត្តិការ និងប្រសិទ្ធភាពរបស់ក្រសួងសុខាភិបាល និងនាំប្រជាជនឆ្ពោះទៅរកជីវិតប្រសើរឡើងជាងមុន»៕