(ស្វាយរៀង)៖ រថយន្តកុងទីន័រមួយគ្រឿងកំពុងបើកបរលើដងផ្លូវសុខៗ បានជ្រុះទូរកុងតឺន័រពីក្រោយ រួចរេចង្កូតបុកចូលផ្ទះពលរដ្ឋលក់អីវ៉ាន់ចាប់ហួយនៅជាប់ដងផ្លូវពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ តែសំណាងល្អម្ចាស់ផ្ទះមិននៅ មិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលនៅវេលាម៉ោង៨៖១០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៥២-១៥៣ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
នគរបាលក្រុងបាវិត បានឱ្យដឹងថា ម្ចាស់តូបលក់អីវ៉ាន់ចាប់ហួយមានឈ្មោះ លិញ សឿន អាយុ៦៧ឆ្នាំ មានទីលំនៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ខូចខាតសម្ភារលក់ដូរមួយចំនួន។ រីឯអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ខាត់ អ៊ីម អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិក្រូច ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោយឃើញសភាពការណ៍មិនស្រួលរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3E 3774។
មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3E-377៤ ខណៈចេញពីផែស្ងួត ពីកើតទៅលិចនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៥២-១៥៣ លុះបើកដល់កន្លែងកើតហេតុខាងលើក៏បានធ្លាក់ទូរកុងតឺន័រ រួចជ្រុលចង្កូតចូលទៅបុកតូបលក់ដូរអីវ៉ាន់ ចាប់ហួយបណ្ដាលខូចខាតសម្ភារលក់ដូរមួយចំនួន ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្រោយមករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងអូសបយករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕